logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រយៈពេល៧ថ្ងៃ អត្តសញ្ញាណប័ណ្ណជាង៨ពាន់សន្លឹក និងសេវាអត្តសញ្ញាណកម្មផ្សេងទៀតជាង១ម៉ឺនសេវាត្រូវបានផ្តល់ជូនពលរដ្ឋដោយឥតគិតថ្លៃ
408
28-September-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះគឺគិតមកត្រឹមថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញនេះ មន្ត្រីទទួលបន្ទុកការងារអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបន្តផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋសរុបចំនួន ៨.១៦២សន្លឹក ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ឯកឧត្តមបណ្ឌិតបានឱ្យដឹងថា លទ្ធផលនេះ សម្រេចបានអាស្រ័យដោយមានការចូលរួមស្នើសុំសេវាពីប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងប្រើគ្រប់វិធីសាស្ត្ររបស់មន្ត្រី។ វិធីសាស្ត្ររបស់មន្ត្រី ត្រូវបានឯកឧត្តមបណ្ឌិត ពន្យល់ត្រួសៗថាមានជាអាទិ៍ ការបន្តផ្ដល់សេវាទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទាំងតាមមូលដ្ឋាន និងនៅផ្សារទំនើប ការចល័តចុះទៅធ្វើតាមបណ្ដាភូមិ ឃុំ សាលារៀន និងវត្តអារាម ក្នុងនោះរួមទាំងក្រុមរថយន្តចល័តដែលក៏បាននឹងកំពុងបង្កើនសកម្មភាពចុះផ្ដល់សេវាធ្វើអត្តសញ្ញាណប័ណ្ណដល់ទីវត្ត ដែលប្រជាជនកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌផងដែរ។ 


ដោយឡែក ឯកឧត្តមបណ្ឌិត ក៏បា​នលើកឡើងដែរថា មួយសប្តាហ៍មកនេះ អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃ ក៏បានផ្តល់សេវាអត្តសញ្ញាណកម្មជាង១មុឺនសេវាផ្សេងទៀតជូនប្រជាពលរដ្ឋដែលរួមមាន សេវាលិខិតឆ្លងដែនបានចំនួន៤.១០៩សន្លឹក សៀវភៅស្នាក់នៅចំនួន២.១៩៥ ក្បាល សៀវភៅគ្រួសារចំនួន ១.៦៩៣ ក្បាល និងលិខិតធ្វើដំណើរមានចំនួន ១.៣៦៨សន្លឹក។ 


សូមរំលឹកជូនថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាតាមបណ្តាច្រកចេញចូលតែមួយ សំដៅជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេស ពិនិត្យលទ្ធភាពរិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀតដើម្បីពង្រឹងគុណភាពនៃការផ្តល់សេវាជូនពលរដ្ឋ ស្របតាមគោលការណ៍ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ៕


ដោយ៖ សេង បូលីន

ន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ