logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”
67
01-July-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកោះកុង៖ ថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោលយេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”។


ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព មិនអាចខ្វះបាននូវធនធានមនុស្ស ដែលមានសមត្ថភាព មានភាពជាអ្នកដឹកនាំ និងមានការចូលរួមប្រកបដោយសមធម៌ រវាង ស្ត្រី និងបុរស។ ដូច្នេះការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច ដល់ស្ត្រីក្នុងវិស័យទេសចរណ៍ គឺជាកត្តាសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពការងារ ការផ្តល់សេវាកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់លើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនការចូលរួមរបស់ស្ត្រី ក្នុងការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយជាតិពាក់ព័ន្ធនានា។ វិស័យទេសចរណ៍ក៏ជាវិស័យមួយដែលស្ត្រីមានការចូលរួមយ៉ាងសកម្ម ហើយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសហគមន៍។

លោកជំទាវ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាពេលនេះ នឹងផ្តល់ឱកាសដល់សិក្ខាកាម ក្នុងការពង្រឹងចំណេះដឹង និងជំនាញលើភាពជាអ្នកដឹកនាំ ការទំនាក់ទំនង ការសម្រេចចិត្ត ការដោះស្រាយបញ្ហា និងការបញ្ជាបទស្សនៈយេនឌ័រ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។



លោកជំទាវអភិបាលខេត្ត សង្ឃឹមជឿជាក់ថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គនេះ នឹងអាចយកទៅអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់គុណភាពការងារ និងសេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះក៏បានលើកទឹកចិត្ត ដល់សិក្ខាកាមទាំងអស់ ឱ្យចូលរួមយ៉ាងសកម្ម ផ្លាស់ប្តូរបទពិសោធន៍ លើកជាសំណួរ និងចែករំលែកគំនិតថ្មីៗ ដើម្បីឱ្យវគ្គបណ្តុះបណ្តាលនេះ ទទួលបានលទ្ធផលល្អ និងអាចយកទៅអនុវត្តបានពិតប្រាកដនៅតាមស្ថាប័ន និងអង្គភាពរៀងៗខ្លួន។


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ