logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្វែងយល់នីតិវិធីមួយចំនួនមុននឹងចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
2K
30-January-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

មាត្រា៦ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលប្រកាសឱ្យប្រើនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ បានចែងថា “សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃ” និងមាត្រា៩ បានចែងថា “សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលមិនបានចុះបញ្ជី មិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ” ដូច្នេះ ដើម្បីអាចធ្វើសកម្មភាពបានដោយស្របច្បាប់ លោកអ្នកអាចស្វែងយល់អំពីនិយមន័យ បែបបទ និងនីតិវិធី នៃការចុះបញ្ជី ដូចខាងក្រោម៖


ដើម្បីអាចបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មាត្រា៥នៃច្បាប់ដដែលបានកំណត់ថា សមាគមតម្រូវឱ្យមានសមាជិកស្ថាបនិកយ៉ាងតិច៣រូបដែលមានអាយុគ្រប់១៨ឆ្នាំឡើងទៅ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកតម្រូវឱ្យមានសមាជិកស្ថាបនិកមានសញ្ជាតិខ្មែរចំនួនយ៉ាងតិច៣រូប ដែលម្នាក់ៗមានអាយុគ្រប់១៨ឆ្នាំឡើងទៅដូចគ្នា។ គួរបញ្ជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវតែមានប្រធានជាជនជាតិខ្មែរ។


ជាមួយគ្នានេះដែរ ការរៀបចំលក្ខន្តិកៈត្រូវមានខ្លឹមសារស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាន និងត្រូវចែងចំណុចសំខាន់ៗមួយចំនួន ដូចជា៖ ១-គោលបំណង និងគោលដៅ ២-ឈ្មោះជាអក្សរពេញ អក្សរកាត់ ដោយមិនត្រូវចម្លងតាមឈ្មោះជាអក្សរពេញ អក្សរកាត់ របស់សមាគម ឬអង្គការក្នុងស្រុកដែលបានចុះបញ្ជីមុនរួចហើយ ៣-សញ្ញាសម្គាល់ មិនត្រូវចម្លងតាមសញ្ញាជាតិ ឬស្ថាប័នរដ្ឋ ឬរូបសញ្ញារបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានចុះបញ្ជីមុនរួចហើយ ៤-វិធាននៃការជ្រើសរើស ការបញ្ឈប់ ការបណ្តេញចេញ ការផ្លាស់ប្តូរ ការដកហូតតំណែង ប្រធាន ឬតំណែងនាយកប្រតិបត្តិ ៥-វិធាននៃការប្តូរឈ្មោះ ឬការប្តូរសញ្ញាសម្គាល់ ឬការធ្វើវិសោធនកម្មលក្ខន្តិកៈ ៦-ប្រភពធនធាន និងទ្រព្យសម្បត្តិ ៧-វិធាននៃការគ្រប់គ្រងធនធាន និងទ្រព្យសម្បត្តិ ៨-វិធាននៃការរំលាយ វិធាននៃការចាត់ចែងធនធាន និងទ្រព្យសម្បត្តិនៅពេលត្រូវបានរំលាយ។


បន្ទាប់ពីបានបង្កើតរួច តំណាងស្ថាបនិកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយបំពេញនូវសំណុំលិខិតដូចជា៖ ១-ពាក្យសុំចុះបញ្ជីចំនួនពីរច្បាប់ ២-លិខិតបញ្ជាក់អាសយដ្ឋាន នៃទីស្នាក់ការកណ្តាលពីមេឃុំ ឬចៅសង្កាត់ ចំនួនមួយច្បាប់ ៣-ជីវប្រវត្តិស្ថាបនិកម្នាក់ៗចំនួនពីរច្បាប់ និង៤-លក្ខន្តិកៈចុះហត្ថលេខាដោយប្រធានសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួនពីរច្បាប់។ 


សមាគមក្នុងស្រុក សំដៅដល់អង្គការសមាជិកភាព ដែលត្រូវបង្កើតឡើងក្រោមច្បាប់កម្ពុជាដោយរូបវន្តបុគ្គល ឬនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍សមាជិករបស់ខ្លួន ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។ ចំណែកឯ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកសំដៅដល់អង្គការមិនមែនសមាជិកភាពរួមទាំងមូលនិធិ ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជាដោយរូបវន្តបុគ្គល ឬនីតិបុគ្គលក្នុងគោលបំណងផ្តល់មូលនិធិ ឬសេវាកម្មលើវិស័យមួយ ឬច្រើនដើម្បីប្រយោជន៍សាធារណៈដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។


គួរបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃនឹងធ្វើការពិនិត្យសំណុំលិខិតស្នើសុំចុះបញ្ជីទាំងនេះ ហើយឆ្លើយតបទៅកាន់តំណាងស្ថាបនិកសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកវិញ អំពីការយល់ព្រម ឬមិនព្រមចុះបញ្ជី ក្នុងរយៈពេល៤៥ថ្ងៃនៃថ្ងៃធ្វើការ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល រយៈពេលមួយខែកន្លងទៅនេះក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួន១៣៕


ប្រភព៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ