logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីមានលក្ខណៈជាប្រព័ន្ធ ចំនួន១០ភូមិ ក្នុងស្រុកកោះធំ
391
03-June-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នៅគឺភូមិក្បាលកោះធំ ភូមិកណ្តាលកោះធំ ភូមិចុងកោះធំ ភូមិពោធិ៍ទន្លេ ភូមិក្បាលកោះថ្មី ភូមិចុងកោះថ្មី ភូមិទួលកន្ទួត ឃុំកោះធំ (ក) ភូមិព្រែកសំរោង ភូមិព្រែកបិ និងភូមិស្វាយតាមេឃឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្ដាល ស្មើនឹង៧, ៥៧១ក្បាលដី អញ្ជើញមកពិនិត្យឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣ ខែមិថុនា ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

    

លោក លោក​ ទៀង កុស្យារៈ អនុប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល អំពាវនាវបែបនេះក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យក្បាលដីមាន​លក្ខណៈជា​ប្រព័ន្ធ នៅឃុំកោះធំ (ក) និងឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល នាព្រឹកថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងវត្តកោះធំ។

    

លោកអនុប្រធានមន្ទីរបន្តថា៖ ការបិទផ្សាយនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជា​ពលរដ្ឋ​ដែលមានដី នៅភូមិទាំង១០ ត្រូវមកពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយបានត្រឹមត្រូវ ហើយក្នុងករណីមានខុសឈ្មោះ ទំហំដី ឬព្រំដី ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងឡាយ អាចធ្វើការជំទាស់តវ៉ា លើទិន្នន័យដែលបានបិទផ្សាយ។ ហើយការជំទាស់តវ៉ាមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃបិទផ្សាយនេះ ដោយក្នុងរយៈពេល ១៥ថ្ងៃ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅប្រចាំការរៀងរាល់ថ្ងៃ ទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរងចាំពន្យល់ទិន្នន័យទាំងឡាយ ទទួលពាក្យបណ្ដឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។ បន្ទាប់ពីបិទផ្សាយរយៈពេល១៥ថ្ងៃរួចមក យើងនឹងទទួបានទិន្នន័យត្រឹមត្រូវ សម្រាប់ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកកាត់បន្ថយជំលោះដីធ្លី កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។

    

លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានលើកឡើងថា ការបិទផ្សាយនូវការវិនិច្ឆ័យនៅ​ពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចាំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

    

លោកបន្តថា៖ ក្នុងការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ យើងបានប្រើប្រាស់​នូវបច្ចេក​ទេសខ្ពស់ រួមមាន រូបថតពីលើអាកាស ការវាស់វែងដោយម៉ាស៊ីនស្វ័យប្រវត្តិ ព្រមទាំងការផ្ទុកទិន្នន័យ និងការគូសប្លង់សុរិយោដីដោយកុំព្យូទ័រ។

    

សូមបញ្ជាក់ថា៖ ស្រុកកោះធំ បានបិទផ្សាយរួចមកដល់ពេលនេះបានចំនួន ០៤លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន ១០ភូមិ គឺភូមិក្បាលកោះធំ ភូមិកណ្តាលកោះធំ ភូមិចុងកោះធំ ភូមិពោធិ៍ទន្លេ ភូមិក្បាលកោះថ្មី ភូមិចុងកោះថ្មី ភូមិទួលកន្ទួត ឃុំកោះធំ (ក) ភូមិព្រែកសំរោង ភូមិព្រែកបិ និងភូមិស្វាយតាមេឃ ឃុំកោះធំ (ខ) ស្រុកកោះធំ សរុបមានចំនួន ៧,៥៧១ ក្បាលដី៕


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ