logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តតាកែវ គឺជាខេត្តទី១៣ ក្នុងចំណោមខេត្តទាំង២៥ រាជធានី ដែលទទួលជ័យលាភីពានរង្វាន់ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)
287
05-December-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តតាកែវ៖ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ រិទ្ធីសែន បានបញ្ជាក់ថា ខេត្តតាកែវគឺជាខេត្តទី១៣ ក្នុងចំណោមខេត្តទាំង២៥ រាជធានី ដែលទទួលជ័យលាភីពានរង្វាន់ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។

នៅក្នុងប្រកាសខេត្តតាកែវ ជាខេត្តបញ្ចប់ការការបន្ទោបង់ពាសវាលពាសកាល(ODF) ដែលបានរៀបចំធ្វើឡើងនៅបរិវេណសួនច្បារមាត់បឹងតាកែវ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ថ្នាក់ដឹកនាំក្រសួង ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត លោកអភិបាលក្រុងស្រុក កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រមាណជាង១ពាន់នាក់ចូលរួមផងដែរនោះ ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងបន្តទៀតថា អង្គពិធីដ៏អធិកអធមនេះអាចប្រព្រឹត្តទៅបានដោយសារគុណនៃសុខសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេង ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេស។


ឯកឧត្តមរដ្ឋមន្រ្តីអភិវឌ្ឍជនបទ បានបន្តថា បច្ចុប្បន្នក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨.៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦.០៩% និងអនាម័យ ៩១.៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្រ្តីអភិវឌ្ឍជនបទ បានថ្លែងបញ្ជាក់ថា ដើម្បីលើកកម្ពស់អនាម័យជនបទកាន់តែប្រសើរ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពិសេសក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញយុទ្ធសាស្រ្តគន្លឹះសំខាន់ៗ ដើម្បីប្រែក្លាយតំបន់ជនបទក្លាយជាតំបន់អភិវឌ្ឍន៍មានការរីកចម្រើន ប្រកបដោយចីរភាព និងបរិយាប័ន្ន ធានាបាននូវសុខុមាលជូនប្រជាពលរដ្ឋនៅតាមជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត ផ្លូវ និងភ្លើង ដើម្បីផ្សារភ្ជាប់សេដ្ឋកិច្ចរវាងទីក្រុងក្រុង និងជនបទកាន់តែប្រសើរឡើង សំដៅសម្រេចចក្ខុវិស័យនៅឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ ។


យោងតាមរបាយការណ៍ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបង្ហាញថា ក្នុងខេត្តតាកែវមានគ្រួសារទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទកម្រិតមូលដ្ឋានមានចំនួន២១០,១២១គ្រួសារ ស្មើនឹង ៩៤.៨៥% និងខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ ១០០% ក្នុងនោះខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន២០៩,៣០៨ខ្នងផ្ទះ ស្មើនឹង ៩៤.៤៩% និងប្រើប្រាស់បង្គន់រួមចំនួន ១២,២០០ខ្នងផ្ទះ ស្មើនឹង ៥.៥១% ជាពិសេសខ្នងផ្ទះដែលមានកន្លែងលាងដៃនឹងសាប៊ូស្មើនឹង ១០០% និងខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាពស្មើនឹង ១០០%។


សូមជម្រាបថា នៅត្រឹមពេលនេះមានខេត្តចំនួន១៣ ហើយដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ រាធានីភ្នំពេញ (ODF Plus) និងខេត្តតាកែវ ជាខេត្តទី១៣ ដែលប្រារព្ធពិធីនាឱកាសនេះ ហើយក្រសួងនឹងធ្វើពិធីប្រកាសខេត្ត ODF ចំនួន១ខេត្តទៀត គឺខេត្តស្ទឹងត្រែង នៅពាក់កណ្តាលខែធ្នូនេះ ដែលនឹងធ្វើឱ្យចំនួនរាជធានី-ខេត្ត ODF កើតឡើងដល់១៤ ក្នុងចំណោមរាជធានី-ខេត្តទាំង២៥នៅកម្ពុជា៕


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ