

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីនាយករង ប្រធាន/អនុប្រធាននាយកដ្ឋាន ប្រធាន/អនុប្រធានការិយាល័យការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នៅបន្ទប់ប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះបានផ្តោតទៅលើរបៀបវារៈសំខាន់ៗចំនួន២ គឺ៖ ១) ពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៦ និង ២) បទបង្ហាញគោលការណ៍ណែនាំស្តីពី "ការពង្រឹងវិន័យដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការសាលាជាតិរដ្ឋបាលមូលដ្ឋាន។
ទន្ទឹមនឹងនេះដែរ អង្គប្រជុំក៏បានពិភាក្សាលើបញ្ហាប្រឈមមួយចំនួន និងស្វែងរកដំណោះស្រាយ ដើម្បីធានាប្រសិទ្ធភាព និងគុណភាពការងារកាន់តែប្រសើរ។
នាឱកាសនោះ ឯកឧត្តមនាយកសាលា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានរួមចំណែកអនុវត្តការងារបានលទ្ធផលល្អប្រសើរ ព្រមទាំងបានណែនាំឱ្យបន្តពង្រឹងស្មារតីទទួលខុសត្រូវ ការសហការផ្ទៃក្នុង និងការច្នៃប្រឌិតក្នុងការអនុវត្តការងារ ដើម្បីសម្រេចបាននូវផែនការដែលបានគ្រោងទុក។
កិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសការងារប្រកបដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តរួមក្នុងការបន្តជំរុញការអនុវត្តការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋានឱ្យសម្រេចបានជោគជ័យ៕
ប្រភព៖ សាលាជាតិរដ្ឋបាលមូលដ្ឋាន










