

តាកែវ៖ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងបន្តពង្រឹងការងារអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពឲ្យបានល្អប្រសើរថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត នៅខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ពិធីនេះក៏មានការចូលរួមពីឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្ត កងម្លាំងទាំង៣ ប្រធានមន្ទីរ-សាខាជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុក អធិការនគរបាលក្រុង-ស្រុកទាំង១០ មេឃុំចៅ-សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានថ្លែងថាគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព គឺជាចលនាជាតិមួយ បំផុសស្មារតីដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចការពារភូមិដ្ឋានរបស់ខ្លួន ចូលតាមរយៈរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ។ទន្ទឹមនឹងនេះអាជ្ញាធរទាំងអស់ ត្រូវបង្កើនការបង្ក្រាបបទល្មើសផ្សេងៗឱ្យបានសកម្មរួមមាន៖ចោលួច ចោឆក់ ក្មេងទំនើង គ្រឿងញៀន ពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam កុំឱ្យមានក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបអោយបានទាន់ពេលវេលា ដើម្បីជម្រុញ និងលើកកម្ពស់ប្រសិទ្ធិភាព គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពបានកាន់តែល្អប្រសើរ ធានាបាននូវការរស់នៅប្រកបដោយភាពសុខសាន្តជូនប្រជាពលរដ្ឋ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ក់ ជីតូ ក៏បានថ្លែងការកោតសសើរដល់អាជ្ញាធរខេត្តតាកែវ និងមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលកន្លងមកនេះបានខិតខំប្រឹងប្រែង អនុវត្តគោលនយោបាលភូមិឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។










