logo
Header Logo
ព័ត៌មានលម្អិត
thumbnail
តើមេភូមិរបស់លោកអ្នកជាអ្នកណា? ហើយគាត់មានតួនាទី និងភារកិច្ចអ្វីខ្លះ?
3K
09-November-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

មេភូមិ គឺជាអ្នកតំណាងឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ និងជាខ្សែរយៈចម្បងសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងភូមិ និងក្រុមប្រឹក្សា ឃុំ-សង្កាត់។ 


យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធី នៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ចរបៀបរបបធ្វើការងាររបស់ភូមិ ចុះនៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០០៦ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិត្រូវបានកំណត់តួនាទីភារកិច្ច និងរបៀបរបបការងារយ៉ាងជាក់ច្បាស់ចំនួន៨ចំណុចដូចខាងក្រោម៖

១.បង្កើនការពិគ្រោះយោបល់ ទទួលការណែនាំ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន។ 

២.ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានារបស់ឃុំ-សង្កាត់នៅពេលដែលក្រុមប្រឹក្សាឃុំ-សង្កាត់តម្រូវដើម្បីផ្តល់យោបល់អំពីកិច្ចការដែលពាក់ព័ន្ធក្នុងភូមិខ្លួន។ 

៣.ធ្វើសេចក្តីរាយការណ៍រាល់បញ្ហាដែលពាក់ព័ន្ធនឹងភូមិរបស់ខ្លួន។ 

៤.មេភូមិត្រូវទទួលខុសត្រូវអនុវត្តកិច្ចការដែលបានប្រគល់ឱ្យដោយក្រុមប្រឹក្សាឃុំ-សង្កាត់។ ៥.មេភូមិត្រូវចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាករណីមានសំណូមពរ។ 

៦.មេភូមិមិនមានសិទ្ធិអំណាចចុះហត្ថលេខាលើកិច្ចសន្យា ឬផ្ទេរអំណាច ឬចាត់ចែងក្នុងនាមមេភូមិបានទេ។ 

៧.មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវជួបប្រជុំគ្នាយ៉ាងតិចមួយដងក្នុងមួយខែ។ ៨.មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវធ្វើការពិគ្រោះឱ្យបានទៀងទាត់ជាមួយប្រជាពលរដ្ឋក្នុងភូមិខ្លួន។ 


ដើម្បីធានាអនុវត្តតួនាទី ភារកិច្ចខាងលើនេះ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវបានបែងចែកប្រគល់ភារកិច្ចដូចជា មេភូមិទទួលខុសត្រូវរួមក្នុងភូមិរបស់ខ្លួន អនុប្រធានភូមិទទួលជំនួសមេភូមិក្នុងពេលដែលមេភូមិអវត្តមាន សមាជិកភូមិទទួលជួយធ្វើជាលេខាធិការឱ្យមេភូមិ និងទទួលជួយមេភូមិលើការងារស្ថិតិ ការចុះបញ្ជីប្រជាពលរដ្ឋ និងការរក្សាទុកឯកសារនានារបស់មេភូមិ។ មេភូមិក៏អាចបែងចែក ប្រគល់ភារកិច្ចដល់អនុប្រធានភូមិ និងសមាជិកតាមការចាំបាច់ និងធ្វើសេចក្តីរាយការណ៍ជូនមេឃុំ ចៅសង្កាត់សាមីផងដែរ។ 


សូមបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ- សង្កាត់ ក្រុមប្រឹក្សាឃុំ- សង្កាត់ ជាអ្នកមានសមត្ថកិច្ចបោះឆ្នោតសម្រេចជ្រើសរើសមេភូមិនៅគ្រប់ ភូមិទាំងអស់ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការរៀបចំជ្រើសរើសមេភូមិ ត្រូវធ្វើឡើងតែនៅភូមិណាដែលក្រសួងមហាផ្ទៃបានទទួលស្គាល់ជាផ្លូវការ។ ភូមិ ត្រូវបានបង្កើតឡើងដោយប្រកាសរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រុង ស្រុក ខណ្ឌ បង្កើតដោយអនុក្រឹត្យ ខណៈរាជធានី- ខេត្ត បង្កើតឡើងដោយព្រះរាជក្រឹត្យ៕


ប្រភព៖ សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ