logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ប៉ាវ ហមផាន ជំរុញរដ្ឋបាលខេត្តរតនគិរី បន្តពង្រឹងការងារគណៈបញ្ជាការឯកភាពខេត្តឱ្យបានរឹងមាំ ដើម្បីឆ្លើយតបជូនពលរដ្ឋបានទាន់ពេលវេលា
335
30-April-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

រតនគិរី ៖ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញរដ្ឋបាលខេត្តរតនគិរី ត្រូវបន្តពង្រឹងការងារគណៈបញ្ជាការឯកភាពខេត្តឱ្យបានរឹងមាំ និងក្តាប់ឱ្យបានរាល់សភាពការនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។


ការជំរុញរបស់ ឯកឧត្តម ប៉ាវ ហមផាន បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត របស់រដ្ឋបាលខេត្តរតនគិរី។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន នៃគណៈអភិបាលខេត្តរតនគិរី អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។


ថ្លែងក្នុងកិច្ចប្រជុំនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានខិតខំរួមគ្នា ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅថ្មីៗនេះ ប្រកបដោយសុខ សុវត្ថិភាព ជាពិសេសការរៀបចំសង្ក្រាន្តនៅគ្រប់មូលដ្ឋាន ញ៉ាំងបរិយាកាសសប្បាយរីករាយដល់ប្រជាជនលេងកម្សាន្តស្របតាមប្រពៃណីជាតិខ្មែរ។


ជាលទ្ធផលឃើញថា ចលនានៃការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការរៀបចំវេទិការសាធារណៈ ចលនាប្រជាការពារ និងការផ្តល់សេវានានានៅតាមមូលដ្ឋានមានការកើនឡើងគួរឱ្យកត់សម្គាល់។


មានប្រសាសន៍បើកកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្ត បានខិតខំអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទទួលបានលទ្ធផលគួរជាទីមោទនៈ។ 


ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិលនិងអ្នកពាក់ព័ន្ធនានាលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើង នាឆ្នាំក្រោយបន្តបន្ទាប់ទៀត។


ឯកឧត្តម ក៏បានជំរុញដល់រដ្ឋបាលខេត្តរតនគិរី ត្រូវបន្តពង្រឹងការងារគណៈបញ្ជាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានា ដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា៕


ប្រភព ៖ រដ្ឋបាលខេត្តរតនគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ