នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងារនៃអនុគណៈកម្មការច្បាប់ និងអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្ទៀតផ្ទាត់ទិន្នន័យអតីតមន្រ្តីរាជការស៊ីវិលមន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ដែលមានចែងក្នុងសេចក្តីសម្រេចលេខ ៧៤ សសរ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ ដែលកិច្ចប្រជុំនេះ ឯកឧត្តម ប៊ុន ហុន និងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាសហប្រធាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងអគ្គនាយកដ្ឋានដែលមកពីបណ្តាអន្តរក្រសួងពាក់ព័ន្ធ ព្រមទាំងអស់លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារសរុបចំនួនប្រមាណ ៣៥រូប។
សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណងកំណត់អំពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យរបស់អតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ តាមរយៈថ្នាលទិន្នន័យរបស់អតីតមន្រ្តីរាជការដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ដែលហៅកាត់ថា "ថ.ទ.អ.ម.ប." ដើម្បីធានាអនុវត្តត្រឹមត្រូវស្របច្បាប់ ជាពិសេសការការពារទិន្នន័យឯកជនភាពរបស់បុគ្គល៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ