logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ផ្ដល់អាទិភាពដល់ស្ត្រីឱ្យបានច្រើននូវតួនាទីភារកិច្ចក្នុងការងារ
343
06-March-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់


ក្រសួងមហាផ្ទៃ៖  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ដោយក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ជំរុញទៅអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ត្រូវផ្ដល់នូវឱកាសការងារឱ្យកាន់តែច្រើនដល់ស្ត្រី ដែលមានសមត្ថភាព ក្នុងការផ្ដល់តួនាទីភារកិច្ចការងារឱ្យពួកគាត់ ហើយការជ្រើសរើសនេះ ត្រូវធ្វើដោយតម្លាភាព។ ជាក់ស្ដែងនៅក្នុងការងារថ្នាក់ក្រោមជាតិមួយចំនួន ដូចជាច្រកចេញចូលតែមួយជាដើម ស្ត្រីក៏អាចធ្វើការនោះបាន ដែលបញ្ហានេះ សូមអគ្គនាយកដ្ឋានពាក់ព័ន្ធ ដែលចំណុះឱ្យក្រសួង សូមជួយពិនិត្យតើអាចផ្ដល់តួនាទីដល់ពួកគាត់ ក្នុងការងារដឹកនាំអង្គភាពបាន ប៉ុន្តែមុននឹងផ្ដល់នូវតួនាទីដល់ពួកគាត់ យ៉ាងហោចណាស់ក៏ត្រូវធ្វើការបណ្ដុះបណ្ដាលឱ្យបានរយៈពេល២ឆ្នាំសិន ។


ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា ទន្ទឹមនឹងនេះ គ្រប់អង្គភាពចំណុះឱ្យក្រសួងមហាផ្ទៃ ត្រូវតែពិនិត្យមើលតួនាទីការងារណាមួយ ដែលមិនមានការប្រឈមចំពោះស្ត្រី ពេលបម្រើការងារ ដូច្នេះគួរតែផ្ដល់អទិភាពដល់ស្ត្រី ឱ្យបានកាន់មុខតំណែង ឬតួនាទីនោះ ព្រោះស្ថានភាពខ្លះ ស្ត្រីមានភាពទន់ភ្លន់ ឬមានភាពល្អច្រើនជាងបុរស ជាពិសេសនៅទីតាំងផ្ដល់សេវាផ្ទាល់ជាមួយប្រជាពលរដ្ឋ។ នាពេលបច្ចុប្បន្ន បើទោះបីជាតម្លៃស្ត្រីត្រូវបានលើកកម្ពស់ និងផ្ដល់សិទ្ធិស្មើភាពដូចនឹងបុរស ប៉ុន្តែពួកគាត់ក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ជាក់ស្ដែងដូចករណីការធ្វើចំណាកស្រុក ព្រោះតែស្ត្រីខ្មែរមួយចំនួន បានរងគ្រោះពីបញ្ហារំលោភបំពានកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬផ្លូវភេទ ដូច្នេះគ្រប់អង្គភាពនៃក្រសួងមហាផ្ទៃ ដែលធ្វើការងារនឹងបញ្ហាចំណាកស្រុក និងអន្តោប្រវេសន៍ជាដើម ត្រូវពង្រឹងការអប់រំដល់ប្រជាពលរដ្ឋ ឱ្យបានទទួលព័ត៌មានកាន់តែច្រើន ពីហានិភ័យនៃការធ្វើចំណាកស្រុក ជាពិសេសប្រទេសដែលជាគោលដៅពួកគេចង់ទៅធ្វើការ ឱ្យទទួលបានព័ត៌មានកាន់តែច្រើន ៕


ដោយៈ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ