logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្នុងនាមជាពលរដ្ឋ គួរតែដឹងពីតួនាទី ភាកិច្ច សមត្ថកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋ
367
30-January-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

យោងតាមអនុក្រឹត្យស្ដីពី ការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ការិយាល័យប្រជាពលរដ្ឋ ជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រឹតក្នុងការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋអំពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសម្រុះសម្រួលដោះស្រាយបណ្តឹងទាំងនោះ ព្រមទាំងតាមដានការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ។ ការិយាល័យប្រជាពលរដ្ឋមានពីរផ្នែកសំខាន់ៗ ១.ផ្នែកទទួលពាក្យបណ្ដឹងនិងកិច្ចការរដ្ឋបាល និង២.ផ្នែកច្បាប់និងស៊ើបអង្កេត។ 


បើតាមអនុក្រឹត្យដដែល ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ មានតួនាទី ភារកិច្ច ជាអាទិ៍មាន ១.ប្រមូលនិងទទួលពាក្យបណ្ដឹងនានា  ២.សម្រាំងនិងវាយតម្លៃពាក្យបណ្ដឹងដែលទទួលបាន  ៣.បញ្ជូនពាក្យបណ្តឹងទាំងឡាយណាដែលមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន ៤.ចាត់វិធានការស៊ើបអង្កេតបណ្តឹងរដ្ឋបាល លើកអនុសាសន៍អំពីវិធានការដោះស្រាយបណ្ដឹង និង តាមដានការអនុវត្ត ៥.ផ្តល់ព័ត៌មានត្រឡប់ដល់ប្រជាពលរដ្ឋអំពីលទ្ធផលនៃការដោះស្រាយបណ្តឹង និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ៦.រៀបចំយន្តការចាំបាច់នានាពាក់ព័ន្ធទៅនឹងដំណើរការទទួលនិងសម្រុះសម្រួលដោះស្រាយបណ្តឹង ៧.រៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ៨. រាយការណ៍ជាប្រចាំអំពីលទ្ធផលនៃការអនុវត្តការងារ និងការដោះស្រាយបណ្តឹង។ 


ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានបន្តថា ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ  ក៏មានសមត្ថកិច្ចស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ ទៅលើបណ្តឹងរដ្ឋបាលដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  ក៏មានសិទ្ធិអំណាចមួយចំនួនដូចជា ប្រើប្រាស់បុគ្គលិក ថវិកា សម្ភារៈ និងមធ្យោបាយនានារបស់អង្គភាពខ្លួន ស៊ើបអង្កេតបណ្ដឹងដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងលើកអនុសាសន៍ អំពីវិធានការដោះស្រាយ ស្នើសុំកិច្ចសហការ ពិនិត្យមើលឯកសារ និងវត្ថុតាងផ្សេងៗដែលពាក់ព័ន្ធនឹងបណ្ដឹង។ រាយការណ៍ជូនអភិបាលរាជធានី ខេត្តអំពីការមិនសហការ ក្នុងករណីដែលអភិបាលរាជធានី ខេត្ត មិនបានចាត់វិធានការដោះស្រាយឱ្យបានសមស្រប ប្រធានការិយាល័យប្រជាពលរដ្ឋអាចរាយការណ៍ជូនប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ដើម្បីដោះស្រាយ និងអាចរាយការណ៍ជូនក្រសួងមហាផ្ទៃ ។ ក្នុងនោះដែរ ការិយាល័យក្រុង ស្រុកខណ្ឌ ក៏ពុំមានសិទ្ធិចេញសេចក្តីសម្រេច ដើម្បីចាត់វិធានការដោះស្រាយ ឬ ដាក់ទណ្ឌកម្មឡើយ ។ 


យោងតាមឯកសាររបស់នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខេត្ត និងខណ្ឌនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃគិតត្រឹមខែមករា ឆ្នាំ២០២៤ រាជធានី ខេត្តមានចំនួន សរុប ២៥  ចែកជា ២០៩ក្រុង ស្រុក ខណ្ឌ និងសុទ្ធតែមានការិយាល័យប្រជាពលរដ្ឋ៕ 


ប្រភព៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ