logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីប្រកាសដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងកំពង់សោម
524
17-February-2025
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពិធីប្រកាសដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ាង ស៊ីណេតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងក្រុមប្រឹក្សាឃុំ សង្កាត់។

     

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ អបអរសាទរចំពោះលោក លោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សាក្រុងកំពង់សោម ត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៥ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតឡើងវិញជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងកំពង់សោមអាណត្តិទី១ ដើម្បីបន្តដឹកនាំរដ្ឋបាលក្រុងថ្មីនេះ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាពនិងបន្តអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតក្នុងការអនុវត្តការងារបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។ ផ្អែកតាមមតិបេ្តជ្ញាចិត្តរបស់លោក សំរិត សុផាត បានបង្ហាញឱ្យឃើញថា ក្រុមប្រឹក្សាអាណត្តិទី១ គណៈអភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងក្រុងកំពង់សោម នឹងរួមសាមគ្គីគ្នាផ្ទៃក្នុងដោយសហការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ការជួយសង្គ្រោះជំងឺឆ្លងរាតត្បាតផ្សេងៗ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ហើយសមិទ្ធផល និងស្នាដៃដែលសង្កាត់ទាំង៥ នៃរដ្ឋបាលក្រុងកំពង់សោម សម្រេចបាននាពេលកន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យកម្ពុជាយើងដើរតួនាទីកាន់តែសកម្មក្នុងតំបន់ និងលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់ចំនួន៥ ក្នុងនោះ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយកត្តាធនធានមនុស្សជាចំណុចសំខាន់ក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។

   

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ការងារបន្ទាន់ដែលចាំបាច់ពីការចូលកាន់តំណែងក្រុមប្រឹក្សាក្រុងកំពង់សោម ផ្អែកតាមបទប្បញ្ញត្ដិមាត្រា៧០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តម្រូវឱ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ របស់ខ្លួនមិនឱ្យហួសពី ១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង។ ក្រុមប្រឹក្សាក្រុងកំពង់សោម ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួន មិនឱ្យមុន ២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ ឡើយ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ក្រុមប្រឹក្សាត្រូវអនុម័តឱ្យបាននូវឯកសារដូចខាងក្រោម៖

- កំណត់ហេតុកិច្ចប្រជុំលើកទី១

- ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន

- ប្រតិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល ១២ខែ ចាប់រាប់ពីកិច្ចប្រជុំលើកទី២របស់ខ្លួន។

   

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត សង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ នៃក្រុងកំពង់សោម នឹងខិតខំរួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងអាណត្តិទី១នេះ។


សូមរម្លឹកថា ខេត្តព្រះសីហនុ មានក្រុងចំនួន៣ និងស្រុកចំនួន៣ ក្នុងនោះ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងក្រុងកំពង់សោម ស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ៕


ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ