logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ម្ចាស់ចំការ និងអាជីវករ មុនបើកព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង
48
10-July-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ម្ចាស់ចំការ និងអាជីវករ មុនបើកកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ។


ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានណែនាំម្ចាស់ចំការ និងអាជីវករ ត្រូវសម្រិតសម្រាំងនាំយកបន្លែ ផ្លែឈើ និងផលិតផលល្អៗរបស់អ្នកខេត្តបាត់ដំបងមកលក់ដូរក្នុងព្រឹត្តិការណ៍ផ្លែឈើ ជាពិសេសនាំយកទុរេនដែលមានគុណភាព រសជាតិផ្អែមឆ្ងាញ់មកចូលរួមក្នុងកម្មវិធីបុហ្វេទុរេន។


បន្ថែមពីនេះ ឯកឧត្តម បានណែនាំដល់ម្ចាស់ចំការ និងអាជីវករដែលលក់ដូរក្នុងស្ដង់ត្រូវលក់ដូរក្នុងតម្លៃសមរម្យ មិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃឡើយ ដើម្បីយកព្រឹត្តិការណ៍ផ្លែឈើនេះជាស្មារតីរួមគ្នាផ្សព្វផ្សាយពីផលិតផលក្នុងស្រុក។


ឯកឧត្តម ណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ការយកទុរេនពីប្រភពដែលមិនច្បាស់លាស់មកលក់ដូរជិតទីតាំងកម្មវិធីព្រឹត្តិការណ៍ផ្លែឈើដែលអាចធ្វើឱ្យប៉ះពាល់ដល់គោលបំណងចម្បងនៃព្រឹត្តិការណ៍គឺលើកកម្ពស់ផលិតផលក្នុងស្រុក។


ឯកឧត្តម ណែនាំដល់ក្រុមការងារត្រូវទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយបំពុលសង្គមប៉ះពាល់ដល់កិត្តិយសផលិតផលក្នុងខេត្តបាត់ដំបង។


សូមជម្រាបថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦នេះនឹងមានសកម្មភាពសំខាន់ៗជាច្រើនរួមមាន ពិព័រណ៍ និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង ក្បួនដង្ហែផ្លែឈើតំណាងក្រុង ស្រុកទាំង១៤ ក្នុងខេត្ត កម្មវិធីបុហ្វេទុរេន និងការភ្លក្សរសជាតិផ្លែឈើបាត់ដំបង ការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក កម្មវិធីសិល្បៈវប្បធម៌ និងការប្រគុំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត។ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ