ពាណិជ្ជកម្មអេឡិចត្រូនិច ឬ E-commerce គឺជាដំណើរការនៃការទិញលក់ផលិតផល ឬ សេវាកម្មតាមប្រព័ន្ធអ៊ីនធឺណិត។
ឧទាហរណ៍សំខាន់ៗមួយចំនួនរបស់ E-commerce ដែលកំពុងមានវត្តមានក្នុងពេលសព្វថ្ងៃនេះមានដូចជា ទីផ្សារលក់ទំនិញតាមអនឡាញ សេវាវេរ និងទទួលប្រាក់ ប្រព័ន្ធភស្តុភារ និងការដឹកជញ្ជូន សេវាបម្រើអតិថិជន ការធ្វើទីផ្សារ និងផ្សព្វផ្សាយជាដើម។
ពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) ត្រូវបានគេបែងចែកជា ០៤ប្រភេទខុសៗគ្នាដែលមានដូចជា៖
១. ពីអាជីវកម្មទៅអ្នកប្រើប្រាស់ (Business-to-Consumer - B2C)
២. ពីអាជីវកម្មទៅអាជីវកម្ម (Business-to- Business - B2B)
៣. ពីអ្នកប្រើប្រាស់ទៅអ្នកប្រើប្រាស់ (Consumer -to- Consumer - C2C)
៤. ពីអ្នកប្រើប្រាស់ទៅអាជីវកម្ម (Consumer -to- Business - C2B)
អត្ថប្រយោជន៍នៃការប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) មានដូចជា អាចដំណើរការពីគ្រប់ទីកន្លែងទូទាំងពិភពលោក និងគ្រប់ពេលវេលា កាត់បន្ថយការចំណាយសម្រាប់ការធ្វើប្រតិបត្តិការជួញដូរដោយផ្ទាល់ ងាយស្រួលក្នុងការប្រមូលទិន្នន័យ និងមានភាពបត់បែន។
ទោះជាយ៉ាងណាក្តី ក្រៅពីផ្តល់ជាអត្ថប្រយោជន៍ ពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) ក៏មានហានិភ័យមួយចំនួនដែលអ្នកប្រើប្រាស់គួរមានការយល់ដឹងនិងប្រុងប្រយ័ត្នផងដែរ។ ក្នុងនោះរួមមានដូចជា ហានិភ័យផ្នែកសន្តិសុខ ការបន្លំ ឬឆបោក វិធីទូទាត់ប្រាក់ និងឯកជនភាពជាដើម។
ក្នុងពេលបច្ចប្បន្ននេះ E-commerce បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូររបៀបរបបរស់នៅមនុស្សឱ្យកាន់តែមានភាពងាយស្រួល និងទាន់សម័យស្របតាមភាពជឿនលឿននៃបច្ចេកវិទ្យា។
យ៉ាងណាមិញ យើងក៏បានឃើញពីករណីប្លែកៗ និងថ្មីៗក្នុងរូបភាពផ្សេងៗបានកើតឡើងដែលនាំឱ្យអ្នកប្រើប្រាស់រងការខាតបង់ និងបានជះឥទ្ធិពលអាក្រក់ដល់សង្គមផងដែរ។
ដូចនេះ ដើម្បីចៀសវាងពីការក្លាយខ្លួនជាជនរងគ្រោះដោយសារការខាតបង់ផ្សេងៗ អ្នកប្រើប្រាស់ E-commerce ឬបច្ចេកវិទ្យា និយាយជារួម គួរតែមានការប្រុងប្រយ័ត្ន ហើយធ្វើការស្វែងយល់ពីអ្វីដែលខ្លួនកំពុង ឬរៀបនឹងប្រើប្រាស់ឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងសម្រេចចិត្តប្រើប្រាស់៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ