logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ស្វែងយល់ពីរូបិយប័ណ្ណឌីជីថល ព្រមទាំងគុណសម្បត្តិ និងគុណវិបត្តិរបស់វា
2K
19-October-2024
ព័ត៌មានបច្ចេកវិទ្យា
តំណរភ្ជាប់

បច្ចុប្បន្ន រូបិយប័ណ្ណឌីជីថល​ បានក្លាយជាបច្ចេកវិទ្យាមួយដែលកំពុងសម្រួលដល់មធ្យោបាយទូទាត់របស់ប្រជាពលរដ្ឋ​ ដោយសារភាពងាយស្រួល​ និងសុវត្ថិភាព។


រូបិយប័ណ្ណឌីជីថល គឺជាសាច់ប្រាក់​ ឬទ្រព្យសម្បត្តិនានានៅលើប្រព័ន្ធឌីជីថល​ ដែលមានតម្លៃដូចទៅនឹងក្រដាស់ប្រាក់ដែរ ហើយក្រៅពីនេះ ក៏មានដែរ រូបិយប័ណ្ណគ្រីបតូ (Cryptocurrency) និងកាក់ឌីជីថល (Digital Coin)។ 


រូបិយប័ណ្ណឌីជីថល មានភាពខុសគ្នាពីរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) និងកាក់ឌីជីថល (Digital Coin) ដោយសាររូបិយប័ណ្ណប្រភេទនេះ ជាទូទៅគឺស្ថិតក្រោមការគ្រប់គ្រង​របស់ធនាគារកណ្តាលនៃប្រទេសនីមួយៗ ខណៈរូបិយប័ណ្ណគ្រីបតូ (Cryptocurrency) និងកាក់ឌីជីថល (Digital Coin) គឺគ្រប់គ្រងដោយកម្មសិទ្ធឯកជន​ ហើយវាក៏មិនត្រូវបានទទួលស្គាល់ទូលំទូលាយនោះដែរ។ ជាមួយគ្នានោះរូបិយប័ណ្ណប្រភេទនេះ (Cryptocurrency,​ Digital Coin)​ ពេលខ្លះ ត្រូវបានជនទុច្ចរិត ឬជនអនាមិក ប្រើប្រាស់ក្នុងការទូទាត់ការចំណាយខុសច្បាប់ ឬប្រព្រឹត្តិបទឧក្រិដ្ឋជាដើម។


រូបិយប័ណ្ណឌីជីថល ដែលមានតម្លៃស្មើនឹងក្រដាស់ប្រាក់ ហេីយត្រូវបានរក្សាទុក និងគ្រប់គ្រងតាមរយៈប្រព័ន្ធឌីជីថលរបស់ស្ថាប័នហិរញ្ញវត្ថុ ហើយវាមិនមានរូបរាងដែលអាចចាប់កាន់ផ្ទាល់បានទេ ដោយការទូទាត់ គឺត្រូវធ្វើតាមរយៈកម្មវិធី(App) ឬប្រព័ន្ធរបស់ស្ថាប័នដែលគ្រប់គ្រង ដោយប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍ឆ្លាតវៃ ហើយមួយភាគធំ ត្រូវពឹងផ្អែកលើអ៊ីនធឺណិត ដើម្បីធ្វើប្រតិបត្តិការ។


បច្ចុប្បន្ន ការទូទាត់ ដោយរូបិយប័ណ្ណឌីជីថល ត្រូវបានមើលឃើញយ៉ាងទូលំទូលាយតាមរយៈការប្រើប្រាស់កម្មវិធី(App) ទូទាត់ប្រាក់របស់ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា ហើយការទូទាត់បែបនេះ ផ្តល់នូវភាពងាយស្រួល រហ័ស និងមិនតម្រូវឱ្យមានការចំណាយលើសេវាក្នុងលក្ខខណ្ឌមួយចំនួនធំ ដែលនេះបានជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋបានយ៉ាងច្រើន។ 


លើសពីនេះ អ្នកប្រើប្រាស់ ក៏អាចដកយកនូវរូបិយប័ណ្ណនេះក្នុងទម្រង់ជាក្រដាស់ប្រាក់ផងដែរ​ តាមរយៈការប្រើប្រាស់ទូរ ATM ដែលនេះ គឺជាលក្ខណៈពិសេសមួយទៀត នៃការប្រើប្រាស់បច្ចេកវិទ្យារូបិយប័ណ្ណបែបឌីជីថលនេះ។


រូបិយប័ណ្ណឌីជីថល ក៏អាចធ្វើការទូទាត់ឆ្លងដែនរវាងរូបិយប័ណ្ណប្រទេសមួយ និងរូបិយប័ណ្ណប្រទេសមួយផ្សេងទៀតផងដែរ ដោយវាធ្វើការគណនាតម្លៃនៃអត្រាប្តូរប្រាក់របស់រូបិយប័ណ្ណនីមួយៗក្នុងពេលវេលាជាក់ស្តែង ដោយចំណាយរយៈពេលខ្លី និងបង្កភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។


ទោះជាយ៉ាងណាក្តី​ ទន្ទឹមអត្ថប្រយោជន៍ជាច្រេីននេះ រូបិយប័ណ្ណឌីជីថល​ ក៏ផ្តល់នូវគុណវិបត្តិ និងហានិភ័យមួយចំនួនដែលគួរប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ផងដែរ។

តួយ៉ាង វាអាចធ្វើឱ្យមានការបាត់បង់លុយកាក់ ឬទ្រព្យសម្បត្តិឌីជីថលតាមរយៈរូបភាពផ្សេងៗដូចជា ការឆបោក លួងលោម និងលួចតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដែលនេះសុទ្ធសឹងជាបញ្ហាដែលបង្កឱ្យមានក្តីបារម្ភអំពីផលប៉ះពាល់ក្នុងវិស័យហិរញ្ញវត្ថុ និងសន្តិសុខជាតិផងដែរ។ 


និយាយជារួម​ ការប្រើប្រាស់មធ្យោបាយទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល គឺផ្តល់ទាំងគុណសម្បត្តិ និងហានិភ័យដែលគួរប្រុងប្រយ័ត្ន។ ដូចនេះ មុននឹងសម្រេចចិត្តទូទាត់ ឬប្រើប្រាស់បច្ចេកវិទ្យារូបិយប័ណ្ណឌីជីថលនេះ សូមអ្នកប្រើប្រាស់ទាំងអស់ មានការប្រុងប្រយ័ត្ន ពិនិត្យ និងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងបញ្ហាណាមួយកើតឡើងដែលបង្កឱ្យមានការខាតបង់៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ