logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឈ្វេងយល់អំពីការវិនិយោគក្លែងក្លាយ “Pig Butchering Scam”
2K
10-August-2024
ព័ត៌មានបច្ចេកវិទ្យា
តំណរភ្ជាប់

Pig Butchering Scam គឺមកពីពាក្យភាសាចិនហៅថា “shā zhū pán” មានន័យថា “សម្លាប់ជ្រូក”។ ពាក្យ “ជ្រូក” គឺសំដៅលើជនរងគ្រោះ ដែលត្រូវជនសង្ស័យចូលទៅក្បែរ និងព្យាយាមបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ ដើម្បីអូសទាញឲ្យវិនិយោគលើគម្រោងក្លែងក្លាយ ឆបោកទ្រព្យសម្បត្តិ និងចាប់ជំរិតជាដើម។


យោងតាមសារព័ត៌មានអន្តរជាតិ ជនរងគ្រោះជាច្រើននាក់នៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក ត្រូវបានធ្លាក់ចូលក្នុងអន្ទាក់ Pig Butchering Scam ព្រមទាំងខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រុមឧក្រិដ្ឋជនបានប្រើវិធីសាស្រ្តបង្កើត គេហទំព័រក្លែងក្លាយ និងកម្មវិធីកុំព្យូទ័របង្កប់មេរោគ បន្ទាប់មករៀបចំគម្រោងឆបោកជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសតាមដំណាក់កាលដូចជា៖

 -ដំណាក់កាលទី១ បង្កើតទំនាក់ទំនង៖ ក្រុមឧក្រិដ្ឋជនបានបង្កើតគណនីបណ្តាញសង្គមនានាដោយប្រើប្រាស់រូបភាពក្លែងក្លាយជាច្រើន ដើម្បីបង្កើតទំនាក់ទំនងជាមួយជនរងគ្រោះ។

 -ដំណាក់កាលទី២ បង្កើតទំនុកចិត្ត និងមានទំនាក់ទំនងល្អ៖ ក្រុមឧក្រិដ្ឋជនចាប់ផ្តើមកសាងទំនាក់ទំនងជាមួយជនរងគ្រោះ រយៈពេលយូរអង្វែង (១សប្តាហ៍ឡើងទៅ) ដើម្បីបង្កើតទំនុកចិត្ត និងភាពស្និទ្ធិស្នាលជាមួយគ្នា ដោយពួកគេចែករំលែករឿងផ្ទាល់ខ្លួន និងសកម្មភាពប្រចាំថ្ងៃជាដើម។

 - ដំណាក់កាលទី៣ ណែនាំអំពីការវិនិយោគ៖ នៅពេលដែលឧក្រិដ្ឋជនទទួលបានការទុកចិត្តពីជនរងគ្រោះហើយ ពួកគេចាប់ផ្តើមណែនាំអំពីគម្រោងវិនិយោគទៅលើ អចលទ្រព្យ, រូបិយប័ណ្ណឌីជីថល (Crypto Currency), រូបិយប័ណ្ណបរទេស (Forex) និងការវិនិយោគផ្សេងៗទៀតដែលមានឱកាសចំណេញប្រាក់យ៉ាងច្រើន។

 -ដំណាក់កាលទី៤ ជម្រុញលើការវិនិយោគ៖ ឧក្រិដ្ឋជនបានជម្រុញឲ្យជនរងគ្រោះដាក់ប្រាក់បន្តិចបន្តួចដើម្បីសាកល្បងវិនិយោគលើគេហទំព័រក្លែងក្លាយដែលក្រុមឧក្រិដ្ឋជនបានរៀបចំទុក បន្ទាប់មកពួកគេបានផ្តល់ប្រាក់ចំណេញត្រឡប់មកវិញ ដើម្បីបង្កើតការទុកចិត្តពីជនរងគ្រោះ។

 -ដំណាក់កាលទី៥ ជម្រុញបោះទុនវិនិយោគទំហំធំ៖ ឧក្រិដ្ឋជនជម្រុញឲ្យជនរងគ្រោះដាក់លុយច្រើនក្នុងការវិនិយោគដើម្បីទទួលបានប្រាក់ចំណេញវិញកាន់តែច្រើន។ នៅពេលដែលជនរងគ្រោះដាក់លុយវិនិយោគច្រើននោះ ពួកគេនឹងបង្វិលប្រាក់ទាំងនោះទៅគណនីផ្សេងមួយទៀត ដោយជនរងគ្រោះពុំអាចយកប្រាក់ត្រឡប់មកវិញបានឡើយ។


នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកចំពោះប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការវិនិយោគក្លែងក្លាយដូចខាងក្រោម៖

១.សូមកុំមានទំនាក់ទំនងជាមួយបុគ្គលលើបណ្តាញសង្គមដែលមិនស្គាល់ច្បាស់លាស់

២.សូមធ្វើការសិក្សា ស្រាវជ្រាវឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តវិនិយោគលើអ្វីមួយ

៣.សូមកុំចែករំលែកព័ត៌មានផ្ទាល់ខ្លួនលើបណ្តាញសង្គម ឬជាមួយមនុស្សពុំធ្លាប់ស្គាល់គ្នា

៤.ប្រសិនបើលោកអ្នកបានធ្លាក់ចូល Pig Butchering Scam ឬជួបប្រទះករណីសង្ស័យខាងលើសូមរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ចដើម្បីស្វែងរកដំណោះស្រាយ។​


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ