logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ក្រសួងមហាផ្ទៃកម្ពុជា ទទួលបានជំនួយពីមេគង្គ-ឡានឆាងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខនិងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡាងឆាង សម្រាប់ការពង្រឹងវិស័យសន្តិសុខ តាមរយៈ “គម្រោងអភិវឌ្ឍន៍នគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង ប្រព័ន្ធដំណើរការ និងវិភាគវីដេអូ នៅរាជធានីភ្នំពេញ”
114
16-June-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយសន្តិសុខដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃបានសម្រេចជោគជ័យក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍន៍នគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង ប្រព័ន្ធដំណើរការ និងវិភាគវីដេអូ នៅរាជធានីភ្នំពេញដើម្បីលើកកម្ពស់សន្តិសុខនិងសុវត្ថិភាពសង្គមនៅក្នុងរាជធានីភ្នំពេញ។


គួរបញ្ជាក់ផងដែរថា តាមរយៈគម្រោងខាងលើនេះ សាលារាជធានីភ្នំពេញនឹងទទួលបានការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាសន្តិសុខដ៏ទំនើបរួមមាន៖ កាមេរ៉ាសុវត្ថិភាព (CCTV) ចំនួន ៤៨៧ គ្រឿង ដែលមានបំពាក់ប្រព័ន្ធសម្គាល់ទម្រង់មុខ (Face Recognition) សម្គាល់ស្លាកលេខយានយន្ត (Vehicle Plate Number Recognition) និងមជ្ឈមណ្ឌលបញ្ជាការ (Command Center) ដែលមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងនិងឆ្លើយតបចំពោះស្ថានភាពអាសន្ននានាបានទាន់ពេលវេលា (Real-time)។


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធ «នគរបាលវៃឆ្លាត» នេះ គឺជាការអនុវត្តជាក់ស្តែងនៃគោលនយោបាយសន្តិសុខរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍។ 


ឯកឧត្តម យូ ស៊ាវវិន (You Xiaowen) អគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខនិងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង សន្យាថានឹងបន្តពង្រីកវិសាលភាពនៃគម្រោងបំពាក់កាមេរ៉ាសុវត្ថិភាពវៃឆ្លាត និងជួយបណ្តុះបណ្តាលដល់មន្ត្រីនគរបាលកម្ពុជាលើផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅរួមចំណែកក្នុងការពង្រឹងវិស័យសន្តិសុខនៅកម្ពុជា។


ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ ដែលជាអ្នកដឹកនាំអនុវត្តគម្រោង បានគូសបញ្ជាក់ថា ភាពជោគជ័យនៃគម្រោងនេះ គឺមិនអាចកាត់ផ្តាច់បានពីការគាំទ្រ និងការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់អាទិភាពខ្ពស់ដល់ការធ្វើទំនើបកម្មសមត្ថភាពកងកម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសភាពការណ៍សន្តិសុខសកល។


ក្រសួងមហាផ្ទៃបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តគម្រោងនេះឱ្យបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព ដើម្បីបុព្វហេតុសន្តិសុខជាតិ និងការអភិវឌ្ឍសមត្ថភាពមន្ត្រីនគរបាលកម្ពុជា ឱ្យមានភាពឈ្លាសវៃ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ