logo
Header Logo
ព័ត៌មានលម្អិត
thumbnail
មកស្វែងយល់អំពីតួនាទី ភារកិច្ច សិទ្ធិអំណាចរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 
4K
15-January-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រួលគោលបំណងក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញភារកិច្ចដែលបានប្រគល់ និងដែលបានធ្វើប្រតិភូកម្មតាមច្បាប់នេះ ឬដែលស្របតាមច្បាប់។ នេះបើយោងតាមច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ 


ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាមានសិទ្ធិអំណាចធំៗចំនួន២ ក្នុងការធ្វើសេចក្ដីសម្រេចគឺ១.សេចក្ដីសម្រេចខាងបញ្ញត្តិ និង២.សេចក្ដីសម្រេចខាងប្រតិបត្តិ។ ចំពោះសម្រេចសេចក្ដីខាងបញ្ញត្តិក្រុមប្រឹក្សាមានសិទ្ធិអំណាច ធ្វើដីកាដែលស្របទៅតាមបទប្បញ្ញតិដូចដែលបានចែងក្នុងច្បាប់។ រីឯសេចក្ដីសម្រេចខាងប្រតិបត្តិវិញ ក្រុមប្រឹក្សាមានសិទ្ធិអំណាចជាអ្នកធ្វើសេចក្ដីសម្រេចក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សា។  


ឯកឧត្តមបណ្ឌិត ទូច សុឃៈ បន្តថា ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់អំពីជម្រើសជាអាទិភាព ដើម្បីសម្រេចធានាបានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាអាចធ្វើការអង្កេតលើករណីទាំងឡាយណាដែលខ្លួនយល់ឃើញថា មានសារៈសំខាន់ដល់ប្រជាពលរដ្ឋ ព្រមទាំងអាចផ្សព្វផ្សាយលទ្ធផលនៃការធ្វើអង្កេតនោះ រួចហើយត្រូវធ្វើគោលការណ៍ណែនាំអនុវត្តដល់គណៈអភិបាល និងអភិបាល។ 


ជាងនេះទៅទៀតក្រុមប្រឹក្សាមិនត្រឹមតែមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋនោះទេ គឺក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលអំពីការប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋាននានា។ ក្រៅពីនេះ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏មានតួនាទី សម្របសម្រួល ដោះស្រាយបណ្ដឹង សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែរ លើកលែងតែករណីដែលច្បាប់ហាម។ 


គួរម្លឹកថា ផ្អែកតាម អនុក្រឹត្យលេខ ១០ អនក្រ.បក ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៤ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេសមានចំនួនសរុប ៣.៥៨១ រូប៕  


ប្រភព៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ