logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ការបង្កើតសួនសុវត្ថិភាពចរាចរណ៍សប្បនិម្មិត គឺដើម្បីបង្ហាញដល់សិស្សានុសិស្ស និងសាធារណៈជនឱ្យសិក្សាស្វែងយល់បន្ថែមអំពីច្បាប់ចរាចរណ៍ និង ការគោរពសិទ្ធិអាទិភាព
384
07-January-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការបង្កើតសួនសុវត្ថិភាពចរាចរណ៍សិប្បនិមិ្មតនេះមិនត្រឹមតែសម្រាប់ សិស្សានុសិស្សនោះទេ ប៉ុន្តែក៏សម្រាប់បង្ហាញដល់សាធារណៈជនឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ។ 


ឯកឧត្តមបណ្ឌិត បានបន្ថែមដែរថា សួនសុវត្ថិភាពចរាចរណ៍សប្បនិម្មិត ជាសួនដែលបង្កើតនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ ដោយមានការដាក់បញ្ចូល ហ្គារ៉ាស់សាំងសប្បនិម្មិត ផ្លូវ គន្លងចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍  ឬស្លាកសញ្ញាចរាចរណ៍ព្រមទាំងមានអ្វីៗផ្សេងទៀតដែលពាក់ព័ន្ធនឹងការធ្វើដំណើរ។


ឯកឧត្តមបណ្ឌិតបានបន្តថា កន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្លាប់បានអំពាវនាវ និងជំរុញឱ្យមានការដាក់បញ្ចូលកម្មវិធីសិក្សាពាក់ព័ន្ធនឹងចរាចរណ៍ទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំពោលគឺ ដាក់បញ្ចូលក្នុងសៀវភៅគោលតែម្ដង ដោយមានការបែងចែកជា៣កម្រិតគឺ កម្រិតបឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យ ដើម្បីងាយស្រួលក្នុងការអប់រំទាក់ទងនឹងច្បាប់ចរាចរណ៍ក្នុងគោលបំណងធានាសុវត្ថិភាព  សណ្ដាប់ធ្នាប់សាធារណៈ និងការពារអាយុជីវិតប្រជាពលរដ្ឋ។


សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអញ្ជើញចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ 


យោងតាមរបាយការណ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ កន្លងមក បើធៀបនឹងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ៣៥៤លើក ស្មើនឹង១២% កាត់បន្ថយចំនួនអ្នក ស្លាប់២៧នាក់ ស្មើនឹង២% និងកាត់បន្ថយចំនួនអ្នករបួស៥៨០នាក់ ស្មើ ១៤% ៕ 


ប្រភព៖ សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ