

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកអគ្គនាយករង, លោក លោកស្រីប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល។
ផ្ដើមក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់អគ្គនាយកដ្ឋានរដ្ឋបាល ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួទានីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានសមិទ្ធផលការងារគួរឱ្យកត់សម្គាល់ជូនអគ្គនាយកដ្ឋានដែលជាសេនាធិការឱ្យក្រសួងមហាផ្ទៃ។
បន្ទាប់មកឯកឧត្តម បានដាក់ឱ្យអង្គប្រជុំធ្វើការពិនិត្យនិងពិភាក្សាលើរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយពិនិត្យទៅលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដំណោះស្រាយ។
ជាចុងបញ្ចប់ឯកឧត្តម សួស ប្រាថ្នា បានធ្វើការបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅការងារបន្ត ព្រមទាំងបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ឱ្យបន្តចូលរួមអនុវត្តតួនាទីភារកិច្ច និងទិសដៅការងារអាទិភាពរបស់អគ្គនាយកដ្ឋាបាល ដើម្បីចូលរួមគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនាមជាសេនាធិការក្រសួងមហាផ្ទៃ។
ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល







