logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមបណ្ឌិត ទូច សុឃៈ លើកឡើងពីកម្រិតទោសនៃការលេង បើក ផ្សព្វផ្សាយ និងកាងល្បែងស៊ីសង
773
09-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា តាមច្បាប់ស្តីពីការបង្ក្រាបល្បែង ឆ្នាំ១៩៩៦ មាត្រា៤ បានចែងថា ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី មួយម៉ឺនរៀល (១០.០០០រៀល) ដល់ប្រាំម៉ឺនរៀល (៥០.០០០រៀល) ឬដាក់ពន្ធនាគារពីមួយ​សប្តាហ៍ដល់មួយខែ ហើយក្នុងករណីដែលមិនរាងចាល​ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល( ៥០.០០០រៀល)ដល់ប្រាំសែនរៀល​(៥០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំ។ 


ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា ចំពោះអ្នកបើកល្បែង អ្នកកាន់កាប់ល្បែង អ្នកចាត់ចែង និងភ្នាក់ងារល្បែងខុសច្បាប់ ក៏មិនខុសពីអ្នកលេងល្បែងនោះដែរ ដោយក្នុងមាត្រា៥ នៃច្បាប់ដដែល បានកំណត់ថា ជនទាំងនោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០រៀល) ដល់ម្ភៃលានរៀល (២០.០០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយឆ្នាំ ដល់ប្រាំឆ្នាំ ហើយករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារខាងលើនេះជាអតិបរិមា។ 


ឯកឧត្តមបណ្ឌិតបានឱ្យដឹងទៀតថា ចំពោះការលេងល្បែងស៊ីសង ឬវង់ល្បែងស៊ីសង ទាំងអនឡាញដែលមានក្មេងៗចូលរួមជាអនីតិជនម្នាក់ ឬច្រើននាក់ក៏ដោយ គឺតុលាការដាក់នឹងដាក់ទោសទៅតាមស្ថានទម្ងន់ទោសដែលមានចែងក្នុងមាត្រា៦ ស្តីពីការបង្ក្រាបល្បែងស៊ីសង កាលណានៅក្នុងវង់ល្បែងមាន​អនិតិជនម្នាក់ឬច្រើននាក់នៅជាមួយផលទោសដែលបានចែងក្នុងមាត្រា៤ និងមាត្រា៥ នៃច្បាប់នេះត្រូវយកមកអនុវត្តដល់អតិបរមា។ 


ដោយឡែក ការប្រើប្រាស់ឧបករណ៍ផលិតសម្រាប់បម្រើក្នុងល្បែង និងការនាំឧបករណ៍គ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីរដ្ឋាភិបាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ប្រាំសែនរៀល (៥០០.០០០រៀល) ដល់ប្រាំលានរៀល (៥.០០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំ។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់ពន្ធនាគារជាអតិបរមានៃទោស។ ចំពោះប្រាក់ដែលរឹបអូសដូចដែលបានចែងក្នុងមាត្រា ៧ មាត្រា ៨ ខាងលើត្រូវបញ្ជូនទៅតុលាការដើម្បីសម្រេចរឹបអូសជាសម្បត្តិរដ្ឋឬបំផ្លាញចោល។ នេះបើតាមការអធិប្បាយរបស់លោកបណ្ឌិត។ 


ក្នុងន័យនេះឯកឧត្តមបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ថា ក្រៅពីរាជរដ្ឋាភិបាល ទោះក្នុងរូបភាពណាក៏ដោយ អាជ្ញាធរគ្មានសិទ្ធិចេញលិខិតអនុញ្ញាតឱ្យបើកល្បែង​​ស៊ីសងនៅទីណាក៏ដោយជាដាច់ខាត។ បើមន្រ្តីឬភ្នាក់ងាររាជការណាដែល​នៅតែចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ ទៅប្រាំឆ្នាំ។ ចំពោះជនដែលចេញមុខការពារវង់ល្បែងឬ​បនល្បែងគ្រប់ប្រភេទ​នៅទីណាក៏ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំដល់ប្រាំឆ្នាំ។ 


ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ​ក្រសួងមហាផ្ទៃ

បានចេញសារាចរណែនាំ អំពីការផលិតរូបភាព វីដេអូ និងមាតិកាដែល​មានខ្លឹមសារទាក់ទងទៅនឹងល្បែងស៊ីសងគ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ឬតាមអនឡាញ។ ក្នុងនោះរាល់ការផ្សព្វផ្សាយ ឬចែករំលែកបន្ត ជាវីដេអូ និងខ្លឹមសារពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមានន័យថាជាការចូលរួមប្រព្រឹត្តល្មើសករណីល្បែងស៊ីសងខុសច្បាប់ដូចគ្នា។ សរុបជារួមការប្រព្រឹត្តល្បែងស៊ីសង ទាំងអ្នកបង្កើតល្បែង អ្នកលេងល្បែង អ្នកកាងល្បែង អ្នកចាត់ចែង អ្នកផ្សំគំនិត អ្នកផ្សព្វផ្សាយល្បែង និងត្រូវទទួលទោស តាមច្បាប់ដែលបានកំណត់៕ 


ប្រភព៖ សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ