

នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្របសម្រួលពិធី «ផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍» របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរាយការណ៍សង្ខេបអំពីរបាយការណ៍សភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការដែលអគ្គស្នងការដ្ឋាននគរបាលជាតិបានអនុវត្តក្នុងខែមិថុនាកន្លងទៅ ដែលក្នុងនោះរួមមានការងារសន្តិសុខ ការបង្រ្កាបបទល្មើស (ក្មេងទំនើង, ល្បែងស៊ីសង, ការជួញដូរមនុស្ស) គ្រោះថ្នាក់សង្គម សភាពការណ៍ព្រំដែន និងលទ្ធផលកិច្ចប្រតិបត្តិការផងដែរ។
ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយបានបង្ហាញនូវគ្រប់តថភាពទាំងការបង្រ្កាប រួមជាមួយលទ្ធផល ព្រមទាំងកិច្ចសហការនូវគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា កម្មវិធីនេះ គឺមានគោលបំណងសំខាន់ ផ្សព្វផ្សាយអំពីវឌ្ឍនភាព សភាពការណ៍ទូទៅ របស់ក្រសួងមហាផ្ទៃជូនដល់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ ប្រធានអង្គភាព ចំណុះក្រសួងមហាផ្ទៃទាំងអស់ រៀងរាល់សប្តាហ៍តាមរបៀបវិលជុំឆ្លាស់វេនម្តងមួយអង្គភាព ដែលនឹងចាប់ផ្តើមដោយ ៦អង្គភាពចំណុះ ក្រសួងមហាផ្ទៃ ដែលមាន៖ អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានរដ្ឋបាល, លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប)។
សូមបញ្ជាក់ថា យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង លិខិតលេខ ២១៥២សជណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៤ បានដាក់ចេញជាគោលការណ៍ណែនាំដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ ធ្វើការផ្សព្វផ្សាយពីព្រឹត្តការណ៍សំខាន់ៗពាក់ពន្ឋ័នឹងតួនាទី ភារកិច្ច និងបេសកកម្ម របស់ក្រសួងមហាផ្ទៃជារៀងរាល់សប្តាហ៍ជូនដល់ថ្នាក់ដឹកនាំ និងអង្គភាព ចំណុះក្រសួងមហាផ្ទៃ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យឌីជីថល និងផ្សព្វផ្សាយអប់រំ

























