

(កំពង់ចាម)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នេះ បានរៀបចំកម្មវិធីសប្បុរសធម៌ អបអរសាទរ ខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ « បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម ស្ថិតនៅសាលាខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជន យ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា ដោយមានបេសកកម្មស្របច្បាប់ ជាជំនួយការឱ្យ អាជ្ញាធរសាធារណៈ សាខា អនុសាខា នៅតែបានបន្តចូលរួម ដោះស្រាយបញ្ហាលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថានភាពមិនទុកនរណាម្នាក់ចោល មិនមានការរើសអើង ស្របតាមគោលការណ៍គ្រឹះទាំង ៧ របស់ចលនា ដែលរយៈពេលដើមអាណត្តិទី៦នេះ សាខា អនុសាខា បានឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការជាក់ស្តែង នៅតាមសហគមន៍រងគ្រោះ និង ប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន ១២២.០៤៤គ្រួសារ។
ឯកឧត្តម ថ្លែងបន្តថា រយៈពេលកន្លងទៅ សាខា អនុសាខា បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងភាពម្ចាស់ការលើការ ផ្តល់សេវាកម្មមនុស្សធម៌ ផ្តោតលើវិស័យអាទិភាពទាំង ៤ ដោយបានឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង នៃភាពងាយរងគ្រោះ សម្រេចបានលទ្ធផល គួរឱ្យកត់សំគាល់។
ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា សមិទ្ធផលនិងជោគជ័យមួយឆ្នាំកន្លងទៅ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម មិនអាចកាត់ផ្ដាច់បានឡើយពីកត្តាសន្តិភាព ដែលកើតចេញពីគោលនយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯក បិតាស្ថាបនិកនៃកម្ពុជា ដែលនេះមិនត្រឹមតែជាពន្លឺនៅការរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាកម្លាំងចលករ ដែលអនុញ្ញាតឱ្យយើងមានឱកាសពេញលេញ ក្នុងការបម្រើសកម្មភាពមនុស្សធម៌ លើកកម្ពស់កេស្យានុភាពជាតិ និងឆាតអន្តរជាតិ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានយកឱកាសនោះ ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលក្នុងឆ្នាំនីមួយៗតែងតែស្ម័គ្រចិត្ត បរិច្ចាគធនធានថវិកា គាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជាបន្តបន្ទាប់ ដែលនេះគឺជាការបន្ត កេរ្តិ៍មរតកប្រពៃណីសប្បុរសធម៌យ៉ាងថ្លៃថ្លា តាំងពីជំនាន់សម្ដេចឧត្តមទេពញ្ញាណ ហ៊ុន ណេង ដែលជាគំរូថ្នាក់ដឹកនាំនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដែលបានបន្សល់ទុកនូវវប្បធម៌ចែករំលែកដ៏ល្អផូផង់រហូតមកដល់បច្ចុប្បន្ន៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម









