logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២៣គ្រួសារ នៅស្រុកភ្នំព្រឹក
66
12-July-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បាត់ដំបង៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៣គ្រួសារនៅភូមិចំនួន២ នៃឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។


មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក អាណិតអាសូរ និងសោកស្តាយជាទីបំផុតពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះទាំងអស់។


ឯកឧត្តមប្រធានបានបញ្ជាក់ថាទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយឱ្យបានល្អប្រសើរ។ ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីជាមិនអាចជួយបំពេញបានទាំងស្រុងទៅតាមតម្រូវការក៏ដោយ ក៏ប៉ុន្តែសាខាតែងតែបានចូលរួមចំណែកជួយដោះស្រាយ និងសម្រាលនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែក។ ម៉្យាងវិញទៀត អំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺធ្វើឡើងដោយបេះដូង គ្មានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។


ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ និងត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវមើលថែកូនចៅតូចៗឱ្យបានដិតដល់ចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ បន្ថែមពីនេះត្រូវរួមគ្នាបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដោយសាររដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់គ្រប់ទីកន្លែងដែលអាចបង្កើតជាជម្រកមូសខ្លា។


ឯកឧត្តម បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវខិតខំដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិឱ្យបានទាន់ពេលវេលា។ ប្រជាពលរដ្ឋរងគ្រោះបានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តដែលបាននាំយកអំណោយមនុស្សធម៌មកផ្តល់ជូនដល់ដៃពួកគាត់ទាន់ពេលវេលា ដែលនេះពិតជាមានតម្លៃមហាសាលក្នុងការជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងជួយឱ្យពួកគាត់មានកម្លាំងចិត្តក្នុងការជួសជុលផ្ទះសម្បែងឡើងវិញ។ ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋក៏បានលំឱនកាយវាចាចិត្តគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ