logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ
54
15-July-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ ប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រកាសអន្តរក្រសួងទាំងពីរនេះ ជាលិខិតបទដ្ឋានគតិយុត្តដ៏រឹងមាំ ក្នុងការធានាប្រសិទ្ធភាព និងតម្លាភាព នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែមានភាពច្បាស់លាស់ មានគណនេយ្យភាព និងឆ្លើយតបចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។


ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំប្រកាសអន្តរក្រសួងទាំងពីរនេះ រហូតសម្រេចបានជោគជ័យ និងដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានបញ្ជីសេវាដែលមានលក្ខណៈសមស្រប ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ស្របតាមស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅជាក់ស្តែងនៅក្នុងមូលដ្ឋាន។ 


បន្ថែមពីនេះ ឯកឧត្តម បានគូសបញ្ជាក់ថា យន្តការនេះមានគោលបំណងសំខាន់ក្នុងការប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលឱ្យមកស្ថិតនៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការិយាធិបតេយ្យ និងភាពស្មុគស្មាញនានា ដែលមកដល់បច្ចុប្បន្ន ក៏បានបង្កើតមធ្យោបាយផ្ដល់សេវាតាមបច្ចេកវិទ្យាឌីជីថលថែមទៀត។ ឯកឧត្តម សង្កត់ធ្ងន់ថា ការផ្តល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ គឺជារូបភាពជាក់ស្តែងមួយនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្ដល់សមត្ថកិច្ចឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចេញលិខិតបញ្ជាក់ លិខិតអនុញ្ញាត អាជ្ញាបណ្ណ ឬបណ្ណអនុញ្ញាតផ្សេងៗជូនប្រជាពលរដ្ឋ។ ជាពិសេស គឺជាការបដិបត្តិ គោលការណ៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ 


បើតាមរបាយការណ៍របស់ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ការរៀបចំប្រកាសអន្តរក្រសួងទាំងពីរនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ ។ ទី១ ការកំណត់ឱ្យបានច្បាស់លាស់នូវប្រភេទសេវារដ្ឋបាល ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីផ្តល់មូលដ្ឋានច្បាប់គ្រប់គ្រាន់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ទី២ គឺការរៀបចំបញ្ជីប្រភេទសេវារដ្ឋបាល និងកំណត់តម្លៃសេវាទាំងអស់ជាតម្លៃអតិបរមា ដែលជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដាក់ចេញនូវដីកាស្ដីពីការកំណត់តម្លៃសេវាជាក់ស្តែងសម្រាប់អនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយតម្លៃជាក់លាក់នោះ មិនត្រូវលើសពីតម្លៃអតិបរមាដែលបានកំណត់ឡើយ។ ទី៣ គឺដើម្បីបែងចែក និងគ្រប់គ្រងចំណូល ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលឱ្យមានភាពច្បាស់លាស់ ស្របតាមច្បាប់ពាក់ព័ន្ធ និងទី៤ គឺការពង្រឹង និងលើកកម្ពស់ភាពជាម្ចាស់ ព្រមទាំងសមត្ថភាពរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដោយធានាឱ្យសេវាទាំងអស់មានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ