logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្តិ អញ្ជើញប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥
502
11-December-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្តិ អគ្គស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព  ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនៅស្នងការដ្ឋាននគរបាលខេត្ត ។


ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត អានរបាយការណ៍ បូកសរុបលទ្ធផលការងារ ដែលអង្គភាពសម្រេចបាន  ក្នុងរយៈពេល ០១ឆ្នាំ កន្លងមក និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯកហែម សុវត្តិ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ដែលចំណាយពេលដ៏មានតម្លៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាឱកាសនេះ ។


ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានឯកភាព និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ព្រមទាំងកោតសរសើរ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ដែលរយៈពេលកន្លងមក អស់លោកលោកស្រី ខិតខំប្រឹងប្រែងការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាបានសុវត្ថិភាពល្អ ពុំមានហេតុការណ៍អ្វីមួយកើតឡើង គួរឱ្យកត់សម្គាល់ឡើយ។


ឯកឧត្តម អភិបាលខេត្ត បានចូលអបអរសាទរ ចំពោះស្នាដៃ និងសមិទ្ធផលនានា ដែលកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ដូចបានបញ្ជាក់ក្នុងរបាយការណ៍ បូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៤នេះ ។


ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បានផ្តាំផ្ញើ លើការងារ ០៥ ចំណុច ÷

១.បទល្មើសធនធានធម្មជាតិ,២.ការងារប្រឆាំងបទល្មើសគ្រឿងញៀន និងបទល្មើសល្បែងស៊ីសង,៣.បញ្ហាចរាចរណ៍ផ្លូវគោក,៤.បញ្ហាក្មេងទំនើង,៥.ការងារសេវារដ្ឋបាល ។


ដើម្បីធានាបាននូវសន្តិភាព ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ឯកឧត្តម បានផ្ដល់អនុសាសន៍ ណែនាំបន្ថែម ដែលជាទិសដៅជូនអង្គសន្និបាតដូចខាងក្រោម÷

១.ត្រូវធានាការពារដាច់ខាតខឿនសន្តិសុខជាតិ និងស្ថិរភាពសង្គម ។


២. ជំរុញការងារប្រឆាំងបទល្មើសដោយត្រូវសហការជាមួយក្រុមប្រតិបត្តិការជំនាញ នៃផែនប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ : .ផែនការងារព្រហ្មទណ្ឌ, .ផែនបទល្មើសគ្រឿងញៀន, .ផែនប្រឆាំងការជួញដូរមនុស្ស,

-ការងារគ្រប់គ្រងក្មេងទំនើង,.ការងារប្រឆាំងបទល្មើស៊ីសង។


៣. ការងារសណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍ផ្លូវគោក 

-ការងារចរាចរណ៍ ត្រូវត្រួតពិនិត្យឡើងវិញ ទិសដៅសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបង្កើនវិធានការអប់រំ តាមគ្រប់មធ្យោបាយគ្រប់រូបភាព គ្រប់គោលដៅ និងបង្កើនការអប់រំ វិន័យសីលធម៌ អាកប្បកិរិយាមន្ត្រីនគរបាលចរាចរណ៍ ជាប្រចាំដើម្បីបញ្ជៀសឲ្យបានភាពអសកម្មនានា ។

-ការងារសណ្ដាប់ធ្នាប់ត្រូវខិតខំរៀបចំសម្រួលសណ្ដាប់ធ្នាប់តាមទីប្រជុំជនសាលារៀនតំបន់ងាយរងគ្រោះធ្វើជាសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយលើកយោបល់ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនឹងសណ្ដាប់ធ្នាប់។

-ការងារអគ្គិភ័យ ត្រូវរៀបចំកម្លាំងមធ្យោបាយធ្វើការ ហ្វឹកហាត់ត្រៀមអន្តរាគមន៍ និងសង្គ្រោះ, ត្រូវផ្សព្វផ្សាយតាមរយៈវេទិកា"ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព" អំពីវិធានការបង្ការពន្លត់អគ្គិភ័យបឋមដោយប្រើឧបករណ៍ បែបបូរាណ ឬសម័យហើយចូលរួមជាចលនាជាមួយកងកម្លាំងពន្លត់អគ្គីភ័យ ស្ម័គ្រចិត្តនៅមូលដ្ឋាន និងត្រូវធ្វើការហ្វឹកហាត់ជាក់ស្ដែង (កំណត់ភូមិសាស្ត្រអទិភាពច្រកសង្គ្រោះ) ។


៤.ការងារគាំទ្រដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមមូលដ្ឋានដោយបញ្ជូនកម្លាំងពីរថ្នាក់លើគាំទ្រប៉ុស្តិ៍រួមមានការបំពេញបេសកកម្មការងារក្នុងរយៈពេលវែងឬខ្លី និងការផ្ទេរភារកិច្ច ករណីសម័យខ្លួនស្ម័គ្រចិត្ត ម្ចាស់ការលើកកម្ពស់សមត្ថភាពជំនាញផ្លាស់ប្ដូរឥរិយាបថមន្ត្រីប៉ុស្តិ៍ ត្រូវជំរុញការផ្ដល់សេវាតាមតម្រូវការចាំបាច់នានា, ពង្រឹងការគ្រប់គ្រងមនុស្សមធ្យោបាយ អាវុធជាតិផ្ទុះ ព្រមទាំងការគ្រប់គ្រងវត្តមានជនបរទេសក្នុងមូលដ្ឋានតាមលិខិតឆ្លងដែនទិដ្ឋាការស្នាក់នៅនិងមុខរបរ។


៥.ពង្រឹងការងារប្រចាំបញ្ជា និងអន្តរាគមន៍ ត្រូវមានវេនប្រចាំការត្រៀមអន្តរាគមន៍ តាមដាន ប្រតិកម្មរហ័ស បកស្រាយបន្សាបឥទ្ធិពលព័ត៌មានអវិជ្ជមាន ដែលបង្ខូចកិត្តិយសកងកម្លាំង។


៦.ពង្រឹងការងារគ្រប់គ្រងកងកម្លាំងក្នុងអង្គភាព

-ត្រួតពិនិត្យលទ្ធផលការងារតាមដានបែងចែកប្រគល់ភារកិច្ច។

-ពង្រឹងការគ្រប់គ្រងវត្តមានមន្ត្រីដែលមានមុខជាក់ស្ដែងបំពេញការងារ ។

-ហាមដាច់ខាតពេលគ្រងឯកសណ្ឋាន មិនត្រូវថតបង្ហោះ ក្នុងបណ្ដាញសង្គមឫកពាមិនថ្លៃថ្នូរ។


៧.កងកម្លាំងត្រូវមុះមុតដាច់ខាតការពារឲ្យបាននូវសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។



ជាកិច្ចចុងក្រោយ ឯកឧត្តម អគ្គស្នងការរង ប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាឱកាសនេះ ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ