

ពោធិ៍សាត់៖ ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស រួមជាមួយរដ្ឋបាលក្រុងពោធិ៍សាត់ និងរដ្ឋបាលស្រុកកណ្តៀង ចុះពិនិត្យមើលវឌ្ឍនភាពការងារតុបតែងលម្អដើមឈើ និងការកែលម្អបរិស្ថាន នៅតាមបណ្តោយច្រាំងស្ទឹងពោធិ៍សាត់ (ចាប់ពីស្ពានអាកាសវាងក្រុងត្រើយខាងកើត រហូតដល់ស្ពានវត្តពោធិ៍) ដើម្បីត្រៀមចាក់ដីទុកសម្រាប់ជាប្រយោជន៍សាធារណៈ និងសម្រាប់បងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណ និងពិធីផ្សេងៗ។
ឯកឧត្តមអភិបាលខេត្ត បានផ្តល់អនុសាសន៍ និងណែនាំដល់ក្រុមការងារឱ្យយកចិត្តទុកដាក់ខ្ពស់លើការកាត់តម្រឹមមែកឈើ ឱ្យមានរបៀបរៀបរយ និងមានសោភ័ណភាពទាក់ទាញ។ ការងារតុបតែងនេះ មិនត្រឹមតែធ្វើឡើងដើម្បីសម្រស់ក្រុងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃការថែរក្សាដើមឈើឱ្យមានការលូតលាស់ល្អ និងធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរ ឬហាត់ប្រាណនៅតាមដងស្ទឹងផងដែរ។
ឯកឧត្តម បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រែក្លាយក្រុងពោធិ៍សាត់ ឱ្យទៅជា "ក្រុងដែលមានការអភិវឌ្ឍ និងបរិស្ថានបៃតង"។ ឯកឧត្តម តែងតែជំរុញឱ្យអាជ្ញាធរក្រុង និងមន្ទីរពាក់ព័ន្ធ បន្តតាមដាន និងថែទាំសមិទ្ធផលនានាដែលមានស្រាប់ ព្រមទាំងបង្កើតថ្មីនូវសោភណភាពប្លែកៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មហាជន៕
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់







