logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ ជំរុញឱ្យយុវជនលេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន
36
17-July-2026
ព័ត៌មានកីឡា
តំណរភ្ជាប់

តាកែវ៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមទស្សនា ការប្រកួតបាល់ទាត់មិត្តភាពកម្ដៅសាច់ដុំ និងជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយក្រុមកីឡាករមកពីក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ និងក្រុមបាល់ទាត់ភ្នំដាមហានគរ នៅកីឡដ្ឋានបាល់ ទាត់គិរីវង់សុខសែនជ័យ ។


ការប្រកួតមិត្តភាពនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងសមត្ថភាពបច្ចេកទេស ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ធំៗនាពេលខាងមុខ។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ពីសារប្រយោជន៍ ដ៏មានតម្លៃនៃវិស័យកីឡា ដោយការប្រកួតមិត្តភាពនេះ មិនត្រឹម តែធ្វើឡើងដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងអ្នកស្នេហាកីឡាបាល់ទាត់ក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតសំខាន់លើការលើកកម្ពស់សុខ ភាពមាំមួន ជួយឱ្យយុវជនជៀសឆ្ងាយពីគ្រឿង ញៀន និងអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ។


ឯកឧត្តមអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្ត តាកែវ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំទ្រ និងបង្កើតឱ្យមានការប្រកួតពានរង្វាន់មហាជនកីឡាគ្រប់ប្រភេទជារៀងរាល់ឆ្នាំ សំដៅលើកស្ទួយវិស័យកីឡាក្នុងខេត្តឱ្យកាន់តែរីកចម្រើន។ ជាងនេះទៅទៀត ការប្រកួតបែបនេះគឺជាឱកាសដ៏ល្អសម្រាប់កីឡាករក្នុងការវាស់ស្ទង់គុណផល ផ្លាស់ប្តូរបច្ចេកទេស និងស្វែងរកធនធានកីឡាករឆ្នើមៗ ដើម្បីតំណាងឱ្យខេត្តតាកែវទៅចូលរួមប្រកួត ប្រជែងនៅលើឆាកថ្នាក់ជាតិ។


ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា វិស័យកីឡាពិតជាបានឆ្លុះបញ្ចាំងពីស្មារតីស្រឡាញ់ជាតិ និងបង្កើតចលនាជាតិយ៉ាងផុសផុល តាមរយៈការចូលរួមគាំទ្រ និងកិច្ចសហប្រតិបត្តិការ ស្របតាមពាក្យស្លោកដ៏មានអត្ថន័យ៖ «កីឡាជាទូតសន្តិភាព និងកីឡារស់ក្នុងសន្តិភាព»៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ