logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
191
24-July-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប៉ៃលិន៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទានទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសទូទាំងខេត្តប៉ៃលិនចំនួន ៣៥វត្ត នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង បំផុតចំពោះវឌ្ឍនភាព និងសុខដុមនីយកម្មសាសនា ហើយក្នុងនោះវិស័យពុទ្ធចក្រ និងអាណាចក្រ ក៍មានការរីកចម្រើនទន្ទឹមគ្នាក្រោមបរិយាកាសសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យដែលជាចលករធ្វើ អោយពុទ្ធបរិស័ទមានជីវភាពធូរធារ និងបានចូលរួមកសាងទីវត្តអារាមឱ្យមានការរីកចម្រើនជាលំដាប់។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃក្នុងពុទ្ធសាសនា គឺជាអំឡុងពេលដ៏សំខាន់ ដើម្បីឲ្យភិក្ខុសាមណេរ បានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងបដិបត្តិធម៌វិន័យ ឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធប្បញ្ញត្តិរយៈពេល ០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ហើយការនាំយក គ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកវេរប្រគេនដល់ព្រះសង្ឃកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាសនាពេលនេះ គឺដើម្បីដោះស្រាយការលំបាករបស់ព្រះសង្ឃ ដែលកំពុងបដិបត្តិធម៌ និងសិក្សារៀនសូត្រនូវធម៌វិន័យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ជាមួយគ្នានេះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ពីព្រោះរដូវនេះ ជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង ជាយថាហេតុ ហើយបើមានបញ្ហាកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុតឲ្យបានលឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមសម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន។

សូមបញ្ជាក់ថា៖ លោកជំទាវបណ្ឌិតអភិបាលខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាទូទាំងខេត្តប៉ៃលិនចំនួន ៣៥វត្ត ដោយក្នុង១វត្តៗទទួលបាន ទៀនព្រះវស្សា អង្ករ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ ត្រីខ មី តែ ស្ករស និងបច្ច័យមួយចំនួនផងដែរ។

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ