

ខេត្តកែប៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តការងារខែបន្ត ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប និងមានការចូលរួមពីលោក-លោកស្រី ស្នងការរង នាយ-នាយរងការិយាល័យជំនាញ អធិការ-អធិការរងនគរបាល ក្រុង-ស្រុក ប្រធានគោលដៅសាលាខេត្ត គោលដៅតាមរមនីយដ្ឋានទេសចរណ៍ ប្រធានក្រុមចំរុះគ្រប់ក្រុម និងនាយប៉ុស្តិ៍នគរបាល ទាំង៥ ឃុំ សង្កាត់ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន រួមមាន៖
- បង្កើនចុះក្តាប់សភាពការណ៍ អំពីផែនការ ឧបាយកលរបស់ក្រុមជ្រុលនិយមក្រៅច្បាប់ ដែលប៉ុនប៉ងបង្កចលាចលសង្គម។
- យកចិត្តទុកដាក់បង្កើនការងារចល័តល្បាតនិងអន្តរាគមន៍បន្ទាន់រាល់សំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់គ្រង។
- បន្តរួមសហការជាមួយអាជ្ញាធរមូលដ្ឋានបំផុសចលនាផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានផុលផុស។
- បន្ដផ្ដល់សេវាសំណូមពរ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។
- បន្តដាក់គោលដៅរិតបណ្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សម្រួលចរាចរណ៍តាមទីសាធារណៈ សាលារៀន ដើម្បីបញ្ជៀសការគ្រោះថ្នាក់ ការកកស្ទះចរាចរណ៍ នៅតាមដងផ្លូវ និងតំបន់ទេសចរណ៍។
- បង្កើនសកម្មភាពលើវិធានការបង្ការទប់ស្កាត់ បង្ក្រាបឲ្យបានទាន់ពេលវេលានូវបទល្មើសលួច ឆក់ ប្លន់ ការចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងក្មេងទំនើង។
- បង្កើនការចុះអនុវត្តផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងស្រាវជ្រាវទីតាំងស្នាក់នៅលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺមិនអនុញ្ញាតឱ្យកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកែប ជាដាច់ខាត។
- បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារប្រចាំបញ្ជា និងត្រួតពិនិត្យប្រមូលផ្ដុំកម្លាំង ២៤ម៉ោង/២៤ម៉ោង ដើម្បីទ្រោលសភាពការណ៍ចំពោះមុខឱ្យមានប្រសិទ្ធភាព៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកែប







