logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ
309
22-October-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល បានថ្លែងថា៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៩៣លើក បណ្តាលអោយស្លាប់កើន៦១នាក់ និងបណ្តាលឱ្យខូចរថយន្ត១០៦គ្រឿង ម៉ូតូ២៣៥គ្រឿង យានផ្សេងៗ ១៣គ្រឿង។


ឯកឧត្ដម អភិបាលខេត្ត បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្ដម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល។


ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ ការអនុវត្តលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រយៈពេល៩ខែ ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងនោះដែរគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន២៣១ករណីស្មើ៩២%, បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ៥២៨ករណី និងបង្ក្រាបល្បែងស៊ីសងចំនួន ៤៦ករណី។


មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា៖ ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នាថ្ងៃនេះ គឺបង្ហាញពីការរៀបចំផែនការយុទ្ធសាស្ត្រ ដែលមានសង្គតិភាពជាមួយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទេសន៍ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ដោយផ្តោតលើវិស័យអាទិភាពចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” រួមជាមួយការអនុវត្តកម្មវិធីនយោបាយជាអាទិភាពសំខាន់ៗ និង វិធានការគន្លឹះក្នុងការកែទម្រង់នានា ដែលត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់ សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេស កម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាង មូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមាន ចំណូលខ្ពស់។


ឯកឧត្ដម រដ្ឋលេខាធិការ បន្តថា៖ ផែនការយុទ្ធសាស្ត្រស្តីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ គឺដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព បរិយាប័ន្នសង្គម និងរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និង សុខដុមរមនាក្នុងសហគមន៍ដែលមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម បរិស្ថាន ធនធានធម្មជាតិ និងអនាម័យល្អប្រសើរ។ លើកកម្ពស់ការផ្តល់សេវាសាធារណៈ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់ អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់នានា ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម”។


ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ