

លេខាធិការដ្ឋាន គ.ជ.អ.ប. ៖ រសៀលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញដឹកនាំជំនួបទ្វេភាគីជាមួយតំណាងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីនិរន្តរភាពការងារគណនេយ្យភាពសង្គម និងការផ្លាស់ប្តូរទិសដៅ (Portfolio Change)របស់នាយកដ្ឋានការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី។
ក្នុងជំនួបនេះ មានការចូលរួមពីលោកស្រី Kirsty Harris ទីប្រឹក្សាអភិវឌ្ឍន៍ លោកស្រី Evangeline Larsen លេខាទី២ និងលោកស្រី សម ច័ន្ទធីតា ប្រធានកម្មវិធីនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា។
នាឱកាសនៃជំនួបនេះ ឯកឧត្តម ចាន់ សុធា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី ដែលមានរយៈពេលជិត៧៥ឆ្នាំ ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានគាំទ្រកម្ពុជាលើវិស័យសំខាន់ៗជាច្រើនរួមមាន៖ សេដ្ឋកិច្ច អប់រំ សុខាភិបាល កសិកម្ម និងជាពិសេសកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ឯកឧត្តមបានលើកឡើងថា រដ្ឋាភិបាលអូស្រ្តាលីបានគាំទ្រការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី១(២០១០-២០២១) និងដំណាក់កាលទី២ (២០២១-២០៣០) តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការអូស្រ្តាលី និងកម្ពុជាសម្រាប់សេវាប្រកបដោយសមធម៌ និងចីរភាព (ACCESS) ដំណាក់កាលទី១ (២០១៨-២០២៣) និងដំណាក់កាលទី២ (២០២៣-២០២៨)។ ជាមួយគ្នានេះ អូស្រ្តាលីក៏បានគាំទ្រការអនុវត្តការងារគណនេយ្យភាពសង្គមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងក្រុមជនងាយរងគ្រោះ ក្នុងការទទួលបានព័ត៌មានសំខាន់ៗតាមបែបប្រពៃណី និងឌីជីថល ពាក់ព័ន្ធនឹងការគ្រប់គ្រង និងចាត់ចែងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការបង្កើនការចូលរួមតាមដាន និងត្រួតពិនិត្យរបស់ប្រជាពលរដ្ឋលើការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ សំដៅពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន។
ឯកឧត្តមក៏បានបង្ហាញពីសាវតា និងសមិទ្ធផលសំខាន់ៗនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលបានអនុវត្តអស់រយៈពេលជាង២ទសវត្សរ៍ ចាប់តាំងពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០០២ និងការបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០០៩ មក។
សមិទ្ធផលសំខាន់ៗរួមមាន៖ ការកើនឡើងធនធានហិរញ្ញវត្ថុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរបុគ្គលិកជាង១០ម៉ឺននាក់ទៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារវិស័យសង្គមកិច្ច និងសុខាភិបាល ព្រមទាំងការពង្រឹងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន។
ទន្ទឹមនេះ ឯកឧត្តមបានបញ្ជាក់ថា ការងារគណនេយ្យភាពសង្គម គឺជាលទ្ធផលរំពឹងទុកដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលនៅក្នុងកម្មវិធីជាតិ ដំណាក់កាលទី២ ដោយផ្តោតលើការពង្រឹង និងពង្រីកការអនុវត្តនៅថ្នាក់ឃុំ សង្កាត់ និងក្រុង ស្រុក ខណ្ឌ ការរៀបចំយុទ្ធសាស្ត្រនិរន្តរភាព ការតាក់តែងផែនការដំណាក់កាលទី៣ និងការធ្វើទំនើបកម្មតាមបែបឌីជីថល។
ថ្លែងក្នុងជំនួបនេះផងដែរ តំណាងស្ថានទូតអូស្ត្រាលីប្រចាំ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិេសសគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ក៏ដូចជាការអនុវត្តការងារគណនេយ្យភាពសង្គមនាពេលកន្លងមក និងឈានទៅរកការបន្តនិរន្តរភាពការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់។ បន្ថែមពីលើនេះ តំណាងស្ថានទូតអូស្ត្រាលី ក៏បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាទៅលើវិស័យជាអាទិភាពសំខាន់ៗដូចជា អភិបាលកិច្ច សុខាភិបាល ពិការភាព កិច្ចគាំពារសង្គម និងបរិយាបន្នផងដែរ។
ជាចុងក្រោយ ឯកឧត្តម ចាន់ សុធា បានថ្លែងអំណរគុណដល់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ដែលបានបន្តគាំទ្រការអនុវត្តកម្មវិធីកំណែទម្រង់ និងការងារគណនេយ្យភាពសង្គមនៅកម្ពុជា ព្រមទាំងបានបើកវេទិកាឱ្យតំណាងស្ថានទូតអូស្រ្តាលីផ្លាស់ប្តូរមតិ និងពិភាក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕









