logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អំពាវនាវដល់អ្នកជិះម៉ូតូទាំងអស់សូមកុំភ្លេចមួកសុវត្ថិភាព នាពេលធ្វើដំណើរតាមដងផ្លូវក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ
169
07-April-2025
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នេះជាការព្រួយបារម្ភ និងជាការលើកទឹកចិត្តជំរុញការអនុវត្តច្បាប់ និងការពារសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ជាពិសេសក្នុងរយៈពេលនៃការខិតជិតឈានចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានយុវជនយុវនារីជាច្រើនបន្តបន្ទាប់ បានធ្វើដំណើរជាក្រុមៗ តាមមធ្យោបាយម៉ូតូ ដើរលេងកម្សាន្តតាមមូលដ្ឋានរបស់ខ្លួន ទាំងនៅរាជធានី និងទីប្រជុំជន ដោយភាគច្រើន មិនបានពាក់មួកសុវត្ថិភាព។ 


ត្រង់ចំណុចនេះលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរំលឹកដល់យុវជន យុវតីដែលជិះម៉ូតូដើរលេងកម្សាន្ត សូមកុំរំលង កុំភ្លេចឱ្យសោះការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដ្បិតបច្ចុប្បន្ន អត្រានៃការស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនបំផុតគឺអ្នកជិះម៉ូតូមិនប្រើប្រាស់មួកសុវត្ថិភាព។ លោកបញ្ជាក់ថា«សម័យនេះ ឪពុកម្ដាយកាន់តែច្រើន គាត់មានលទ្ធភាពទិញម៉ូតូឱ្យកូនចៅជិះហើយរាជរដ្ឋាភិបាលក៏មានលទ្ធភាពធ្វើផ្លូវកៅស៊ូ ផ្លូវបេតុង ឬយ៉ាងហោចណាស់ផ្លូវក្រាលគ្រួសក្រហម ងាយស្រួលធ្វើដំណើរ ប៉ុន្តែក៏អាចងាយនឹងមានហានិភ័យធ្ងន់ធ្ងរដែរ ប្រសិនបើអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយជួបគ្រោះថ្នាក់ដួលបែកក្បាល»។ 


ក្នុងន័យនេះលោក ទូច សុឃៈ បាន អំពាវនាវអាណាព្យាបាលដែលអនុញ្ញាតឱ្យកូនចៅជិះម៉ូតូដើរលេងកម្សាន្តនោះ យកចិត្តទុកដាក់អប់រំណែនាំឱ្យពួកគេពាក់មួកសុវត្ថិភាព បើមិនដូច្នោះទេពួកគេអាចប្រឈមនឹងករណីដែលតែងកើតមានរៀងរាល់ឆ្នាំ គឺស្របពេលគ្រួសារគេគ្រប់គ្នាកំពុងទទួលទេវតាឆ្នាំថ្មី ខ្លួនបែជាទទួលសពកូនចៅសាច់ញាតិយកមកធ្វើបុណ្យយ៉ាងអាណោចអាធ័ម។ 


មួកសុវត្ថិភាពត្រូវបានកំណត់នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក តម្រូវឱ្យអ្នកបើកបរម៉ូតូទាំងអស់ប្រើប្រាស់ជាចាំបាច់ បើសិនជាមិនប្រើប្រាស់ទេ នឹងទទួលការផាកពិន័យ។ បើតាមលោក ទូច សុឃៈ បើទោះបីក្នុងអំឡុងពេលចូលឆ្នាំថ្មី នគរបាលចរាចរណ៍មមាញឹកច្រើនលើការសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋទៅស្រុកកំណើត ដោយដកឃ្លាពីការអនុវត្តច្បាប់ក៏ដោយ ក៏ការពាក់មួកសុវត្ថិភាពនៅតែជាកាតព្វកិច្ចចាំបាច់ដើម្បីគោរពច្បាប់ និងការពាអាយុជីវិតខ្លួន។ 


គួរលឹកថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ក្នុងឆ្នាំ២០២៤កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានកើតឡើងចំនួន ២.៨៤៤លើក មានអ្នកស្លាប់ចំនួន ១.៥០៩នាក់ (ជាមធ្យមស្លាប់៤នាក់/ថ្ងៃ) របួសធ្ងន់ចំនួន ២.២៧៣នាក់របួសស្រាល.១៤៤៧នាក់ និងអ្នកមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ចំនួន ២.៤៧៧នាក់។ ដោយឡែក ចំពោះគ្រោះថ្នាក់ចរាចរណ៍រយៈពេលបួនថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំ២០២៤ បានកើតឡើងចំនួន ៦៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៣៧នាក់ និងរងរបួស៨៨នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ