logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសំណេះសំណាលជាមួយមន្ត្រីរាជការរដ្ឋបាលខេត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦
145
08-April-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ប្រធានកិត្តិយសសាខាសមាគមនារីដើម្បីអភិវឌ្ឍន៍កម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ប្រារព្ធពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ដើម្បីសុំសិរីសួស្តីជ័យមង្គល និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ជាតិ ខ្មែរ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦។


ក្នុងពិធីសាសនានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបោសសម្អាតឧបទ្រពចង្រៃឆ្នាំចាស់ និងទទួលពរជ័យសិរីសួស្តីពីទេវតា ឆ្នាំថ្មី ព្រមទាំងជាឱកាសដ៏វិសេសវិសាល ក្នុងការជួបជុំសំណេះសំណាលសួរសុខទុក្ខ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋទូទាំងខេត្តនាពេលកន្លងមក។


បន្ទាប់ពីពិធីសូត្រមន្តរួចមក ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍សំណេះសំណាល យ៉ាងជិតស្និទ្ធជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្តត្បូងឃ្មុំ ឱ្យមានការរីកចម្រើនជាលំដាប់។


ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានជូនពរដល់មន្ត្រីរាជការទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំថ្មី ២០២៦ខាងមុខនេះ ។


ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការនៅក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦នេះដែរ រាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរ ដោយពាក់មួក និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដើម្បីបញ្ជៀសនូវបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិត។


គូសបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល២៥៧០ ខាងមុខនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីតាំងខាងមុខបរិវេនសាលាខេត្តត្បូងឃ្មុំ ដោយមានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើន ព្រមទាំងមានការប្រគុំតន្ត្រីរាំលេងកម្សាន្តសប្បាយអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម រាក្យសារទីវី បុត្រីទី៣ នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមកជម្ពូទ្វីប គ្រប់គ្រងរក្សាលោក។ ជាពិសេសនាពេលរាត្រី មានការប្រគុំតន្ត្រីខ្នាតធំ និង ប្រជុំដោយតារាល្បីៗនៃព្រះរាជាណាចក្រកម្ពុជា ទស្សនាការតាំងពិព័រផលិតផលជាច្រើនមុខ ចូលរួមទស្សនាការបាញ់ទឹករាំតាមចង្វាក់ភ្លេង នៅបរិវេណមាត់ទន្លេសិប្បនិម្មិត្ត ថតរូបអនុស្សាវរីយ៍  ដើម្បីចែករំលែកក្តីស្រឡាញ់ដល់ក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន សូមកុំភ្លេចមកចូលរួមព្រឹត្តការសង្ក្រាន្តខេត្តត្បូងឃ្មុំ ឱ្យបានច្រើនកុះករដើម្បីបង្ហាញពីក្តីស្រឡាញ់ សាមគ្គីភាព និងភាពសប្បាយរីករាយទាំងអស់គ្នា៕


ប្រភព​៖​ រដ្ឋបាល​ខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ