logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យការអន្តរាគមន៍បញ្ជូនទឹកសង្រ្គោះស្រូវ នៅស្រុករុក្ខគីរី និងស្រុកមោងឫស្សី
82
19-July-2026
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បាត់ដំបង៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពទឹកនៅទំនប់ដូនទ្រី អាងបាសាក់ ព្រមទាំង អាងទឹកនិងទំនប់ស្ទាក់ទឹកមួយចំនួននៅស្រុករុក្ខគីរី និងស្រុកមោងឫស្សី ដើម្បីខិតខំជួយសង្រ្គោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធានាបានទឹកប្រើប្រាស់ ហូបចុករបស់សត្វ ព្រមទាំងមនុស្សផងដែរ នៅរដូវប្រាំងខាងមុខនេះ។ 


ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកលើការងារគ្រប់គ្រង និងបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយសមធម៌ និងតម្លាភាព។ ក្រៅពីការបែងចែកទឹកសង្រ្គោះស្រូវរបស់ប្រជាកសិករ ឯកឧត្តម បានណែនាំឱ្យរក្សាទឹកទុកសម្រាប់ត្រៀមបង្ការការខ្វះខាតទឹកនៅពេលខាងមុខ ដោយសារឆ្នាំនេះប្រទេសកម្ពុជាជួបប្រទះនូវបាតុភូតអែលនីញ៉ូដែលបណ្តាលឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀង ហើយខេត្តបាត់ដំបងក៏ទទួលរងនូវបាតុភូតនេះផងដែរ។


បើតាមលោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នបរិមាណទឹកនៅក្នុងអាងស្តុកទុកទឹកទំនប់ដូនទ្រីនៅសល់ប្រមាណ៥០លានម៉ែត្រគូប ហើយមន្ទីរនឹងបន្តបែងចែកទឹកជូនបងប្អូនប្រជាកសិករប្រកបដោយសមធម៌ និងតម្លាភាពស្របតាមការណែនាំរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ លោក ខៃ សុដា សង្កត់ធ្ងន់ថា បរិមាណទឹកនៅទំនប់ដូនទ្រីមិនអាចបែងចែកបញ្ជូនទៅស្រោចស្រពផ្ទៃដីដំណាំស្រូវដ៏ច្រើនលើសលប់ និងនៅឆ្ងាយពីប្រភពទឹកឱ្យបានគ្រប់គ្រាន់នោះទេ ខណៈទឹកមួយផ្នែកត្រូវរក្សាទុកត្រៀមបង្ការការខ្វះខាតទឹកនៅពេលខាងមុខ។


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ