logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ពីការបន្តប្រើកណ្ដាប់ដៃដែកបង្ក្រាបស្កេមមិនដកថយ ខណៈអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី លើកសរសើរពីវិធានការម៉ឺងម៉ាត់ និងលទ្ធផលដ៏អស្ចារ្យរបស់កម្ពុជា
105
23-September-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

មានប្រសាសន៍ក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្ដម អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី នៅទីស្ដីការក្រសួង នារសៀលថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍គូសបញ្ជាក់ជាថ្មីទៀត អំពីការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ និងឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តប្រតិបត្តិការកណ្តាប់ដៃដែក តាមបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសេសសល់ឱ្យដល់ឫសគល់។


បើតាម ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ការប្រព្រឹត្តទៅនៃសន្និសីទអន្តរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ជាការបញ្ជាក់ឡើងវិញថា បទល្មើសមួយនេះ មិនទាន់ដល់ទីបញ្ចប់នៅឡើយទេ ពោលគឺការប្រយុទ្ធប្រឆាំង ត្រូវតែបន្តរួមគ្នាធ្វើដោយគ្មានដែនកំណត់។ ទោះគ្មានដែនកំណត់ក៏ដោយ វិសាលភាពនៃការប្រព្រឹត្តរបស់ពួកឧក្រិដ្ឋជន បានរីកសាយតាមរយៈមធ្យោបាយបច្ចេកវិទ្យា ដែលរីកចម្រើនឥតឈប់ឈរ ខណៈជនរងគ្រោះ មានគ្រប់ជាតិសាសន៍ និងគ្រប់ទីកន្លែងលើពិភពលោក។


បន្ថែមលើសុន្ទរកថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីក្នុងពិធីបើកសន្និសីទអន្តរជាតិ និងសុន្ទរកថារបស់ឯកឧត្តមផ្ទាល់ ក្នុងវេទិកាកម្រិតខ្ពស់ ប្រមុខក្រសួងមហាផ្ទៃ បានជម្រាបសមភាគីឥណ្ឌូនេស៊ី អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យមានប្រតិបត្តិការល្បែងភ្នាល់គ្រប់ប្រភេទ តាមប្រព័ន្ធអ៊ីនធឺណិត ដែលផ្សាយចេញ ឬភ្ជាប់នៅតាមកាស៊ីណូទូទាំងប្រទេស។ វិធានការនេះត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត បញ្ជាក់ថា ជាវិធីសាស្ត្រថ្មីមួយទៀត ដើម្បីឈានទៅកាត់ផ្ដាច់ឫសគល់នៃអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈចាប់ពីថ្ងៃតុលាតទៅ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា នឹងចុះត្រួតពិនិត្យ ហើយចាប់វិធានការច្បាប់ដោយគ្មានការលើកលែង ប្រសិនបើរកឃើញកាស៊ីណូ ល្មើសការសម្រេចនេះ។


ក្នុងឱកាសនោះដែរ ឯកឧត្ដម អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលសម្រេចបានលទ្ធផលដ៏អស្ចារ្យ ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឯកឧត្តមបានបន្ថែមទៀតថា " ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ឯកឧត្តមសូមថ្លែងអំណរគុណ ចំពោះការប្ដេជ្ញាចិត្ត ការបើកចំហសហប្រតិបត្តិការ និងការឈានទៅសម្រេចបានលទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាពិសេសការជួយសង្គ្រោះពលរដ្ឋឥណ្ឌូនេស៊ី ដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា"។


ក្នុងនាមប្រតិភូឥណ្ឌូនេស៊ី ដែលមានសមាសភាពមកពីគ្រប់វិស័យពាក់ព័ន្ធ ឯកឧត្ដម អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍កោតសរសើរ ចំពោះការរៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា ទាំងការទទួលបដិសណ្ឋារកិច្ច និងខ្លឹមសារជាសារវ័ន្ត ហើយឯកឧត្តមផ្ទាល់ ពិតជាស្ញើចសរសើរ ចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទអន្តរជាតិ ប្រកបដោយអត្ថន័យស៊ីជម្រៅ និងច្បាស់លាស់ រួមទាំងឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានចែករំលែកមេរៀន បទពិសោធ និងទស្សនទាន ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។


តាមរយៈជំនួបនោះដែរ ភាគីទាំងពីរ បានពិភាក្សា ផ្លាស់ប្ដូរយោបល់ និងឯកភាព ពង្រឹងយន្តការដែលមានស្រាប់ និងដាក់ចេញវិធីសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីធានាបានការដោះស្រាយបញ្ហារួម ជាអាទិ៍ពាក់ព័ន្ធនឹងជនជាតិឥណ្ឌូនេស៊ី ដែលត្រូវបានរកឃើញនៅតាមទីតាំងប្រព្រឹត្តបទល្មើស ការបណ្ដុះបណ្ដាល និងចែករំលែកចំណេះជំនាញពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា បម្រើការស្រាវជ្រាវ និងបង្ក្រាបបទល្មើស ជាដើម៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ