

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយមាត្រា ៥.៣ នៃអនុសញ្ញារបស់អង្គការសុខភាពពិភពលោកស្ដីពីការត្រួតពិនិត្យថ្នាំជក់។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក គ.ប.ផ.ក. តំណាងអង្គការសុខភាពពិភពលោក តំណាងអង្គការសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់ អង្គការចលនាដើម្បីសុខភាពកម្ពុជា និងមន្ត្រីលេខាធិការដ្ឋាន គ.ប.ផ.ក. សរុបចំនួន៤៦នាក់ ប្រព្រឹត្តទៅនៅសាលប្រជុំខេត្តបាត់ដំបងទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណង ផ្សព្វផ្សាយខ្លឹមសារ និងពង្រឹងការយល់ដឹងដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធអំពីខ្លឹមសារមាត្រា ៥.៣ នៃអនុសញ្ញារបស់អង្គការសុខភាពពិភពលោក ស្តីពីការត្រួតពិនិត្យថ្នាំជក់ ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ និងបារីអេឡិចត្រូនិក (e-cigarette) ពង្រឹងនិងអនុវត្តវិធានការនានា ដើម្បីការពារការរៀបចំ និងអនុវត្តគោលនយោបាយសុខភាពសាធារណៈពីការជ្រៀតជ្រែក ឬឥទ្ធិពលពាណិជ្ជកម្ម និងផលប្រយោជន៍ផ្សេងៗរបស់ឧស្សាហកម្មថ្នាំជក់ ស្របតាមមាត្រា ៥.៣ នៃអនុសញ្ញា ព្រមទាំងការចែករំលែកបទពិសោធន៍ច្បាប់ពាក់ព័ន្ធនឹងបារីខុសច្បាប់ក្នុងតំបន់ និងសកលលោក ដើម្បីគាំទ្រការអនុវត្តអនុសញ្ញា WHO FCTC នៅកម្ពុជា។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តអនុវត្តកិច្ចការរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ក្នុងការការពារសុខភាពសាធារណៈ ដើម្បីអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ សុខភាពល្អ និងការពារបាននូវអ្នកវិនិយោគ-ម្ចាស់អាជីវកម្មស្របច្បាប់។ ក្នុងន័យនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែចូលរួមគិតគូរនិងយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីរួមគ្នាការពារសុខភាពប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សដែលកំពុងសិក្សាឱ្យពួកគេជៀសឆ្ងាយពីការប្រើប្រាស់ផលិតផលហាមឃាត់ទាំងនោះ និងបារីគ្រប់ប្រភេទ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









