logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម នៅ លក្ខណា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយមន្ត្រីនៃលេខាធិការដ្ឋាន គ.ប.ផ.ក.ថ្មី
394
26-December-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ទីស្ដីការក្រសួងមហាផ្ទៃ៖ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសសមាសភាព នៃលេខាធិការដ្ឋាន គ.ប.ផ.ក. ដែលបានប្រារព្ធធ្វើនៅសាលប្រជុំរាជធានីភ្នំពេញ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិក គ.ប.ផ.ក. តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, តំណាងបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ តំណាងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងថ្នាក់ដឹកនាំ រួមទាំងមន្ត្រី នៃលេខាធិការដ្ឋាន គ.ប.ផ.ក. ទាំងអស់។


ក្នុងពិធីនេះដែរ លោកឧត្ដមសេនីយ៍ឯក ផន រតនា ប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក.ថ្មី តាំងនាមអោយថ្នាក់ដឹកនាំ និងមន្ត្រី នៃលេខាធិការដ្ឋាន ទាំងអស់បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ចំពោះតួនាទីភារកិច្ច ដែលក្រសួងមហាផ្ទៃប្រគល់ឱ្យនាពេលនេះ។ លោកឧត្ដមសេនីយ៍ឯក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្ដល់នូវទំនុកចិត្តតែងតាំងមុខតំណែងថ្មីដល់មន្ត្រីនៃលេខាធិការដ្ឋាន ដែលជាមុខតំណែងទទួលខុសត្រូវលើការងារប្រកបដោយកិត្តិយស និងបានផ្ដល់ឱកាសឱ្យរួមចំណែករក្សាការពារនូវសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ។


ក្រៅពីនេះឯកឧត្ដម នៅ លក្ខណា ប្រធានគណៈអធិបតីបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដល់ឯកឧត្ដម លោកជំទាវលោក លោកស្រី ទាំងអស់ដែលបានចូលរួមក្នុងពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន គ.ប.ផ.ក. នាពេលនេះ និងបានណែនាំឱ្យលេខាធិការដ្ឋាន គ.ប.ផ.ក.ថ្មី ត្រូវយកចំណុចវិជ្ជមាន និងបទពិសោធន៍ល្អៗ ដែលបានបន្សល់ទុកពីថ្នាក់ដឹកនាំលេខាធិការដ្ឋានមុនទៅសិក្សារៀនសូត្រ និងដកពិសោធន៍ ដើម្បីទទួលបានប្រសិទ្ធភាពការងារកាន់តែល្អប្រសើរ។ ឯកឧត្ដម បានបន្តទៀតថា ផ្អែកតាមតួនាភារកិច្ចថ្មីដែលរាជរដ្ឋាភិបាលប្រគល់ជូន គ.ប.ផ.ក. គឺមានបេសកកម្មយកចិត្តទុកដាក់លើការសហការជាមួយក្រសួងស្ថាប័ន និងគ្រប់តួអង្គពាក់ព័ន្ធ ដោយផ្ដោតទៅលើការផ្សព្វផ្សាយអប់រំ សំដៅលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់នៃផលិតផលក្លែងក្លាយ ការពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីជំនាញ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។


ជាចុងបញ្ចប់ ឯកឧត្ដម ប្រធានគណៈអធិបតី ក៏បានផ្ដាំផ្ញើដល់ ថ្នាក់ដឹកនាំ និងមន្ត្រី នៃលេខាធិការដ្ឋាន គ.ប.ផ.ក. ថ្មី ទាំងអស់ត្រូវយកចិត្តទុកដាក់លើចំនុចសំខាន់មួយចំនួនដូចខាងក្រោម ត្រូវតែឈ្វេងយល់ពីតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អិតល្អន់ និងត្រឹមត្រូវរាល់ការអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវផ្អែកលើគោលការណ៍ច្បាប់ត្រូវអនុវត្តយ៉ាងមុឹងម៉ាត់នូវបទវិន័យរបស់កងកម្លាំងនគរបាលជាតិស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃ។ ការបែងចែកភារកិច្ចដល់មន្ត្រីក្រោមឱវាទ រួមទាំងការចាត់តាំងផ្សេងៗ ត្រូវផ្អែកទៅលើជំនាញ បុគ្គលិកលក្ខណៈ និងអត្តចរឹតរបស់មន្ត្រីនីមួយៗ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងភាតរភាពជាមួយបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ រួមទាំងបណ្ដាក្រសួងស្ថាប័ន ឬអង្គភាពពាក់ព័ន្ធ ដែលត្រូវសហការធ្វើការងារជាមួយគ្នា៕


ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ