

បាត់ដំបង៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវបេតុង ផ្លូវកៅស៊ូDBST និងការដាក់ប្រព័ន្ធលូនៅក្នុងភូមិសាស្រ្តសង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់វត្តគរ និងសង្កាត់អូរចារ ក្រុងបាត់ដំបង ខណៈបន្ទាប់ពីអាជ្ញាធរបានបើកយុទ្ធនាការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋដោយជោគជ័យធ្វើឱ្យផ្លូវដែលសាងសង់ថ្មីជាផ្លូវដែលមានសភាពធំទូលាយជាងផ្លូវចាស់ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងពីគម្រោងបន្តដាំដើមឈើ និងរៀបចំបំពាក់ភ្លើងសូឡានៅតាមដងផ្លូវដែលបានសាងសង់រួចរាល់ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងលើកកម្ពស់សោភណភាពបរិស្ថានក្រុងបាត់ដំបងសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្តម សុខ លូ បានគោរពថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់ផ្លូវជាចំណងដៃដ៏ពិសិដ្ឋដល់ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង។
បងប្អូនប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលទទួលបានផ្លូវបេតុងថ្មីមានលក្ខណៈធំទូលាយជាងមុនងាយស្រួលក្នុងការធ្វើដំណើរក៏ដូចជាប្រកបដោយមុខរបរប្រចាំថ្ងៃ និងបានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈរដ្ឋបាលខេត្តបាត់ដំបង ដែលតែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់៕
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង









