logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោកសាស្ត្រាចារ្យបណ្ឌិត ជុងសុក ស (Joong -Seok SEO) ជាទីប្រឹក្សាក្រសួងមហាផ្ទៃ និងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី«ការស៊ើបអង្កេតកន្លែងកើតហេតុនិងកោសល្យវិច័យវេជ្ជសាស្ត្រ»
54
22-July-2026
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

នៅសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោកសាស្ត្រាចារ្យបណ្ឌិត ជុងសុក ស (Joong -Seok SEO) ជាទីប្រឹក្សាក្រសួងមហាផ្ទៃ និងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី«ការស៊ើបអង្កេតកន្លែងកើតហេតុនិងកោសល្យវិច័យវេជ្ជសាស្ត្រ» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមផាសុកបណ្ឌិត គាង សេង លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមឧត្តមសេនីយ៍ឯក ជាអនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងគណៈប្រតិភូកូរ៉េ នាសាលប្រជុំសន្និសីទ-ព្រះរាម (អគារប្រពៃណី ក-A) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។


ឯកឧត្តមបណ្ឌិត ប្រធានគណៈអធិបតី បានបញ្ជាក់ឱ្យដឹងថាលោកសាស្ត្រាចារ្យបណ្ឌិត ជុងសុក ស គឺជាអ្នកជំនាញដ៏ល្បីដែលមានសមត្ថភាពខ្ពស់និងមានពិសោធជាង៣០ឆ្នាំលើការងារកោសល្យវិច័យវេជ្ជសាស្រ្ត។ កន្លងមកលោកសាស្រ្តាចារ្យបណ្ឌិត ជុងសុក ស ក៏បានជួយក្រសួងមហាផ្ទៃជាច្រើនលើគម្រោងមន្ទីរពិសោធន៍កោសល្យវិច័យ និងការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធ។ ហេតុដូចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តតែងតាំងលោកសាស្រ្តាចារ្យបណ្ឌិត ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ដើម្បីបន្តជួយការងារសំខាន់ៗរបស់ក្រសួងមហាផ្ទៃបន្ថែមទៀត។


ពាក់ព័ន្ធនឹងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី«ការស៊ើបអង្កេតកន្លែងកើតហេតុនិងកោសល្យវិច័យវេជ្ជសាស្ត្រ» លោកឧត្តមសេនីយ៍ត្រី បណ្ឌិត យ៉េន យ៉ាត នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានអានរបាយការណ៍បូកសរុបជូនអង្គពិធីជ្រាប។


ឯកឧត្តមបណ្ឌិត ប្រធានគណៈអធិបតី បានគូសបញ្ជាក់ថាវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ដែលបានផ្តល់បទឧទ្ទេសដោយលោកសាស្រ្តាចារ្យបណ្ឌិត ជុងសុក ស នៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីតួនាទីដ៏សំខាន់នៃការស៊ើបអង្កេតកន្លែងកើតហេតុ វិទ្យាសាស្ត្រកោសល្យវិច័យ និងវេជ្ជសាស្ត្រកោសល្យវិច័យ ដើម្បីផ្តល់សក្ខីកម្មទៅតុលាការប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ក្នុងគោលបំណងពង្រឹងប្រព័ន្ធយុត្តិធម៌សង្គមនិងរក្សាបាននូវសន្តិសុខ សុវត្ថិភាព សុខមាលភាព ជូនប្រទេសជាតិនិងប្រជាជន។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនិងអគ្គស្នងការនគរបាលជាតិកូរ៉េ ដែលតែងសហការយ៉ាងជិតស្និទ្ធនិងគាំទ្រវគ្គបណ្តុះបណ្តាលល្អៗនិងចាំបាច់ដល់មន្រ្តីនគរបាលជាតិកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាល និងមន្រ្តីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលតែងតែខិតខំប្រឹងប្រែងសិក្សារៀនសូត្រយ៉ាងសកម្ម ក្នុងការកសាងសមត្ថភាពនិងជំនាញ៕


ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ