

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍លេីកទឹកចិត្ត ឱ្យកូនៗមកសិក្សារៀនសូត្រ គឺជាឃ្លាំងទ្រព្យមិនចេះរីងស្ងួត ធ្វេីឱ្យពួកគេមានចំណេះខ្ពង់ខ្ពស់ ជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។
ការលើកទឹកចិត្តរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសៅរ៍ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ ដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានជំរុញដល់អាណាព្យាបាលគ្រប់រូបដែលមានកូនគ្រប់អាយុ ត្រូវនាំមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា ដេីម្បីឱ្យពួកគេមានឱកាសសិក្សារៀនសូត្រក្រេបយកចំណេះដឹង។
ជាមួយគ្នានោះដែរ ឯកឧត្ដម អភិបាលខេត្ត ក៏បានបន្តជំរុញលេីកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស យុវជន យុវនារីទាំងអស់ ត្រូវបន្តខិតខំរៀនសូត្រឱ្យបានជ្រៅជ្រះ និងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងប្រកាន់ខ្ជាប់នូវអត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃ ព្រមទាំងចូលរួម ធ្វើតែអំពើល្អ ដើម្បីការរីកចម្រើននិងសន្តិភាពនៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។
ប្រភព៖ រដ្ឋបាលខេត្តបន្ទាមានជ័យ










