logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានភាពសកម្មផ្សព្វផ្សាយ ឆ្លើយតប និងពន្យល់រាល់ព័ត៌មានពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវ
620
19-July-2024
ព័ត៌មាន​ថ្នាក់​​ជាតិ
តំណរភ្ជាប់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ មានភាពសកម្មក្នុងការតាមដាន និងក្តាប់ឱ្យបាននូវព័ត៌មានដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹងសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រង ដោយត្រូវសកម្មផ្សព្វផ្សាយ ស្រាយបំភ្លឺ និងពន្យល់ឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ទៅកាន់សាធារណជន ពិសេសពលរដ្ឋដែលទទួលសេវា។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីឱ្យមហាជន បានជ្រួតជ្រាបពីវឌ្ឍនការងាររបស់ក្រសួងមហាផ្ទៃ និងទទួលយកមតិរិៈគន់ក្នុងន័យស្ថាបនា សំណើ និងសំណូមពរពីមហាជន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការដ្ឋាន អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពនានា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពការងាររបស់អង្គភាព សម្រេចបានកន្លងមក ក៏ដូចជាបកស្រាយបំភ្លឺនូវរាល់ករណី ឬហេតុការណ៍ចាំបាច់ណាមួយ ដែលវាយប្រហារប៉ះពាល់លើការដឹកនាំ និងគ្រប់គ្រង ដោយមិនរង់ចាំតែការបកស្រាយបំភ្លឺពីក្រុមអ្នកនាំពាក្យនោះឡើយ។ ជាមួយនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យ ស្រាវជ្រាវ តាមដាន និងវាយតម្លៃការងារជាប្រចាំ ដើម្បីវិភាគកែលម្អ តម្រង់ទិសការងារ ការតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយតាមអង្គភាពនីមួយៗរបស់ខ្លួន៕

thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ