សម្តេចក្រឡាហោម ស ខេង អញ្ជើញបិទទិវាប្រជាជនពិភពលោកលើកទី៣០ និងខួបទី២៥ឆ្នាំ
July 11, 2019    អ្នកទស្សនា :

      នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីបិទទិវាប្រជាជនពិភពលោកលើកទី៣០ និងខួបទី២៥ឆ្នាំ នៃសន្និសីទអន្តរ ជាតិស្ដីពីប្រជាជន និងការអភិវឌ្ឍ នៅមជ្ឈមណ្ឌល CJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមាន ការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អង្គការសង្គមស៊ីវិល និងនិសិត្សជាច្រើនផងដែរ។

      ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រយៈពេល ២៥ឆ្នាំ ចាប់តាំងពីការអនុម័តកម្មវិធីសកម្មភាព នៃសន្និសីទអន្ដរជាតិ ស្ដីពីប្រជាជន និងការអភិវឌ្ឍ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ឆ្នាំ១៩៩៤ ដោយទទួលស្គាល់ថា សិទ្ធិ និងសុខភាពបន្ដពូជ និងការផ្ដល់ភាពអង់អាចដល់ស្ដ្រី និងយុវជន គឺជាមូលដ្ឋានគ្រឹះដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងប្រកបដោយបរិយាប័ន្ន ដែលមានដំណើរការវិវត្តជាច្រើនគួរឲ្យកត់សម្គាល់។

      សម្តេចក្រឡាហោមបន្តថា បច្ចុប្បន្នស្ដ្រី និងយុវជន មានឱកាស និងជម្រើសច្រើនជាងមុន ហើយស្ដ្រីបានទទួលការអប់រំប្រសើរជាងមុន និងបានចូលរួមក្នុងការងារសង្គម សេដ្ឋកិច្ចច្រើនជាងមុនដូចគ្នា។ សំខាន់ជាងនេះ ស្ដ្រីអាចកំណត់អំពីចំនួនកូន និងគួរមានកូននៅពេលណា ដោយសារស្ដ្រីអាចទទួលបានព័ត៌មាន និងសេវាពន្យាកំណើត រួមទាំងការថែទាំសុខភាពក្នុងពេលមានផ្ទៃពោះ និងការសម្រាលកូនជាមួយឆ្មបមានជំនាញ កន្លែងដែលមានសុវត្ថិភាព។  សម្ដេចក្រឡាហោមបានរំលឹកថា នៅឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ថា កម្មវិធីសុខភាពបន្ដពូជ គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយបច្ចុប្បន្ននេះរាជរដ្ឋាភិបាល ក៏នៅតែបន្ដទទួលស្គាល់ថា ការដែលស្ដ្រី និងក្មេងស្រីបានទទួលសិទ្ធិពេញលេញនេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចគោលដៅ នៃការអភិវឌ្ឍប្រកបដោយចីរភាពបាននៅកម្ពុជា។

       បន្ថែមលេីសពីនេះ  សម្ដេចក្រឡាហោម ក៏បានផ្ដល់នូវការណែនាំមួយចំនួនផងដែរ ដោយឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្ដពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អ ជាមួយដៃគូអភិវឌ្ឍន៍នានា អង្គការសង្គមស៊ីវិល ក្នុងការជំរុញការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្ដរជាតិ ស្ដីពីការប្រជាជន និងការអភិវឌ្ឍសំដៅសម្រេចបានជោគ័យ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដោយ «គ្មាននរណាម្នាក់ ត្រូវបានទុកចោល»។  សម្ដេចក្រឡាហោមក៏បានណែនាំឲ្យក្រសួងផែនការ តាមរយៈអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍ ត្រូវបន្ដកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេស UNFPA រៀបចំទិវាប្រជាជនពិភពលោកនេះឲ្យបានទៀងទាត់ ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រជាជន និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ជាពិសេសសុខភាពបន្ដពូជរបស់ស្ដ្រី និងក្មេងស្រី៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ