សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) ចូលជួបសម្តែងការគួរសម
September 11, 2019    អ្នកទស្សនា :

     នៅរសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យប្រតិភូយុវជនកម្ពុជា ចំនួន៣៣នាក់ នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៦ ឆ្នាំ២០១៩ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ។

      ថ្លែងក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេចក្រឡាហោម ស ខេង បានផ្តាំផ្ញើឲ្យប្រតិភូនាវាយុវជនកម្ពុជាទាំងអស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ និងត្រូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ នៅពេលចេញទៅបំពេញបេសកកម្ម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន។

      សម្តេចក្រឡាហោម ក៏បានជំរុញឲ្យប្រតិភូយុវជនទាំងអស់ត្រូវចេះសាមគ្គីគ្នា ដើម្បីទាញយកផលប្រយោជន៍ពីការចេញទៅបំពេញបេសកកម្មនេះ សម្រាប់យកមកជួយដល់ការអភិវឌ្ឍន៍សង្គម និងប្រទេសជាតិ។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នេះជាបេសកកម្មមួយយ៉ាងល្អបំផុត ដែលយុវជនទាំងអស់ មានឱកាសបានចូលរួមកម្មវិធីថ្នាក់តំបន់នេះ បូករួមជាមួយនឹងជប៉ុនផងដែរ ដែលបានផ្តល់ឱកាស ដើម្បីស្វែងយល់ និងចែករំលែកចំណេះដឹង ទំនៀមទម្លាប់វប្បធម៌ ប្រពៃណីខ្មែរ ជាមួយយុវជនមកពីបណ្ដាប្រទេសអាស៊ាន និងជប៉ុន។

     សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ (The Ship for Southeast Asian Youths Program- SSEAYP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងសមាជិកអាស៊ាន ៥ប្រទេស៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ លើកនេះជាលើកទី៤៦ហើយ ដោយធ្វើដំណើរលើនាវា Nippon Maru ចូលចតទៅកាន់ប្រទេស៥៖ ជប៉ុន វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ី រយៈពេល៥១ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

     គោលបំណងនៃកម្មវិធីនេះ គឺដើម្បីរឹតចំណងមិត្តភាព និងការយល់ដឹងរវាងយុវជនជប៉ុន និងយុវជនអាស៊ាន​ទាំងដប់ប្រទេស។ ពង្រីកចំណេះដឹង និងទស្សនវិស័យរបស់យុវជន ស្ដីពីចំណេះដឹងសកល។ បង្កើនស្មារតី និងជំនាញ​ច្បាស់លាស់របស់យុវជនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបណ្តុះភាពជាអ្នក​ដឹកនាំ​សម្រាប់ប្រតិភូយុវជនក្នុងវិស័យផ្សេងៗរបស់ពួកគេ ដែលចូលរួមលើការអភិវឌ្ឍន៍យុវជន និងសង្គមជាតិ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ