លេខាធិការដ្ឋាន គ.ជ.អ.ប បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគម្រោង LASED II ពាក់កណ្តាលអាណត្តិ និងការរៀបចំ គម្រោង LASED III របស់ក្រុមបេសកកម្មធនាគារពិភពលោក
September 17, 2019    អ្នកទស្សនា :

     នារសៀលថ្ងៃអង្គារ ទី១៧ ខែ កញ្ញា ឆ្នាំ២០១៩ លេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងកិច្ចប្រជុំ​ចាប់ផ្តើម (Kick-off Meeting) សម្រាប់ដំណើរ​បេសកកម្មត្រួត​ពិ​និ​ត្យ​ការអនុវត្តគម្រោង LASED II ពាក់​កណ្តាលអាណត្តិ និងការ​រៀប​ចំគម្រោង LASED III របស់ក្រុម​បេសកកម្ម​​ធនាគារ​ពិភព​លោក ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប នាទីស្តីការក្រសួងមហាផ្ទៃ។

      ឯកឧត្តម ង៉ាន់ ចំរើន បានមានប្រសាសន៍ថា ក្នុងនាមលេខាធិការដ្ឋាន គ.ជ.អ.ប. សូមកោតសរសើរ និង​វាយតម្លៃ​ខ្ព​​ស់ចំ​ពោះ​ការខិតខំប្រឹងប្រែង​របស់​ក្រុមការងារគម្រោង LASED II ទាំងនៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​​ជា​តិ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងទៀត ដែលបានសហការរួមគ្នាអនុវត្តការងារសំដៅលើកស្ទួយ​ជីវភាព​ប្រ​ជា​ពលរដ្ឋក្រីក្រ និង​ខ្វះ​ខាត​ដី រហូតទទួលបានលទ្ធផលផ្លែផ្កាដូចសព្វ​ថ្ងៃនេះ ជាពិសេស ធនាគារ​​ពិភព​លោ​ក​​ដែលតែង​តែ​គាំទ្រ និងផ្តល់នូវកិច្ចសហការល្អជាមួយរាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការរួមចំណែក​កាត់បន្ថយភាពក្រីក្រ និង​លើកកម្ព​ស់​​គុណភាពជីវិតរបស់ប្រជាពលរដ្ឋ​ឲ្យ​កា​ន់​​តែ​មានភាពល្អ​ប្រសើរ​ឡើង ស្របតាម​​គោល​នយោ​បាយ​របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថា តាមរយៈនៃការអនុវត្តគម្រោងរបស់ក្រុមការងារ បានរៀបចំផ្តល់​ដី​សម្បទាន​ដល់​​ប្រជាពលរដ្ឋនៅ​ក្នុងខេត្ត​គោលដៅខេត្តទំាង០៥ បានជាង ១៦.​០​០​០​​ ហិ​ក​តា ស្មើនឹង ៩៥% ព្រម​ទាំង​បាន​សម្រេចជ្រើសរើសសម្បទានិកបានសរុបជាង ៥.០០០គ្រួសារ ដែល​ស្មើនឹង៩៧,៤%។ ជាមួយ​គ្នានេះ​ដែរ គម្រោងបានផ្តល់ប័ណ្ណកម្មសិទ្ធិដីជូ​ន​សម្បទានិកបានជិត ២.០០០​គ្រួសារ រួចរាល់ហើយ ស្មើនឹងប្រមាណ​ជាង ៤០% នៃគ្រួសារសម្បទានិកសរុប​ដែល​បា​ន​​​បំពេញ​គ្រប់​​លក្ខ​ខ​ណ្ឌ​ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិ។ ដោយឡែកគ្រួសារដែលមិនទាន់ទទួលបានប័ណ្ណ គម្រោង​នឹង​រៀបចំបន្តចែកជូននៅត្រឹមដំណាច់ឆ្នាំ២០១៩ នេះបន្ថែម។

      ទន្ទឹមនឹងការរៀបចំផ្តល់ដីនិងការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដើម្បី​ធានាអំពី​សុវត្ថិ​ភាព​​​​​​ក្នុ​ង​​ការ​កាន់​កាប់​ប្រើប្រាស់ដីធ្លីគម្រោងក៏បានរៀបចំកសាងនូវហេដ្ឋារចនា​សម្ព័​ន្ធរូបវ័ន្ត​សំខាន់​ៗ​​​ដែល​ជា​តម្រូវការចំាបាច់​របស់​ប្រជាពលរដ្ឋនៅក្នុង​​សហគម​ន៍ ដែលរួមមាន ផ្លូវថ្នល់ សាលា​រៀ​ន អគារ​សហគមន៍ ប៉ុស្តិ៍សុខភាព ផ្ទះ​សម្រាប់​គ្រូបង្រៀន និង​គិលានដ្ឋាន​ អណ្តូងទឹក ។ល។ ដែលកិច្ចការនេះ​យើង​សម្រេច​បានជារួមស្មើនឹង៥៨% ធៀប​ទៅនឹងផែនការរយៈពេល ០៥ឆ្នាំរបស់គម្រោង។ លើសពីនេះ​ទៅទៀត យើង​ក៏បានរៀបចំសំអាតដីកសិកម្ម ភ្ជួរដី ផ្តល់ពូជ​ដំណាំ និងការរៀបចំប្រព័ន្ធ​ស្រោច​ស្រពខ្នាត​តូ​ច​​សម្រា​ប់​​បង្កើន​​​​ផលិត​ភាពកសិកម្ម ដើម្បី​ប្រែ​ក្លា​យ​គ្រួសារដែលគ្មានដី និងខ្វះខាតដីទាំងនោះ ទៅជា​គ្រួសា​រ​ដែល​មា​ន​ដី​លំនៅដ្ឋាន និងមានដីសម្រាប់​ផលិត​ក​ម្ម​​កសិកម្មប្រកបដោយភាពបៃតង និង​ប្រែក្លាយ​​ពី​គ្រួសា​រ​ក្រីក្រ ទៅជាគ្រួសារដែលមានជីវភាព​ធូរធារ​ប្រកប​​​ដោយ​សុភមង្គល និងក្តីសង្ឃឹមទៅអនាគត។

     ឯកឧត្តមបន្ថែមថា ក្នុង​រយៈ​ពេ​ល​០៥​ឆ្នាំ (២០១៦-២០២១) នៃការអនុវត្ត​គម្រោ​​ង​​បែ​ងចែងដី​ដើម្បី​សង្គម​កិច្ច និងការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហា​ន២ យើងសម្រេច​​​បាន​លទ្ធផល​ផ្លែផ្កា​គួរជា​​ទី​មោទនៈ ស្របតាម​ទិសដៅ​អភិវឌ្ឍន៍​របស់​គម្រោងដែលបា​ន​ដាក់​ចេញ បើទោះ​បី​ជា​​យើងបានជួបប្រទះនូវបញ្ហាប្រឈម​ខ្លះៗយ៉ាងណា​ក៏ដោយ។ លើមូលដ្ឋានបទពិសោធន៍ និងភាព​ជោគ​ជ័​យ​នៃការអនុវត្តគម្រោង LASED II ធនាគារពិភព​លោ​ក​គ្រោងផ្តល់ហិរញ្ញប្បទានប្រមាណ ១០០លាន​ដុល្លារអាមេរិក ដើម្បីបន្តគាំទ្រការ​អនុវត្តគម្រោង LASED III ដែលនឹងត្រូវពង្រីកដល់ខេត្តគោលដៅថ្មី​បន្ថែមទៀតនៅភាគឥសាន រួមមាន ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ និង​ការបន្តគាំទ្រដល់ទីតាំង​ខេត្ត​គោលដៅចាស់ផងដែរ ដែលគ្រោង​រៀបចំ​អោយបានរួចរាល់ និងចាប់ផ្តើម​អនុវត្តន៍​នៅឆ្នាំ២០២០ ខាងមុខនេះ។ គិតមកទល់បច្ចុប្បន្ន យើងបានចុះ​ពិនិត្យ​ទីតាំងដីសម្បទាន​ដែល​​បានគ្រោងនៅ​ក្នុង​ខេត្ត​គោលដៅថ្មីទាំង០៤ ព្រមទាំងបាន​រៀបចំតែងតាំងសមាស​ភាពក្រុមការងារ​សិក្សា​រៀបចំគម្រោង LASED​ III និងមន្រ្តីទទួលបន្ទុកវាយតម្លៃផលប៉ះពាល់ផ្នែកសុវត្ថិភាព​បរិស្ថាន និងសង្គម ផងដែរ។

     ឯកឧត្តមបញ្ជាក់ដែរថា ទោះ​បីជាយ៉ាងណាក៏ដោយ នៅមានកិច្ចការជាច្រើនទៀត​ដែលយើងត្រូវបន្ត​ផ្តោតការ​យកចិត្ត​​ខិតខំរួម​គ្នា​អនុវត្ត ហើយលេខា​ធិការ​ដ្ឋា​ន គ.ជ.អ.ប នៅតែបន្តសហការល្អ​​ជាមួ​យ​​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្របសម្រួល និងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យ​ប្រសើ​រ​ឡើង​នូវការងារអភិវ​ឌ្ឍ​នៅ​​​ទីតាំង​សម្បទានដី​សង្គមកិច្ច​ទាំងនៅ​ក្នុងខេត្ត​គោល​ដៅចាស់ និងខេត្តគោលដៅថ្មី ដែល​នឹងរួមចំណែកដល់ការកាត់បន្ថយ​ភាព​ក្រីក្រ​​របស់​ប្រជាពលរដ្ឋ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ