សម្តេចក្រឡាហោម ស ខេង ៖ ឆ្នាំ២០២០ រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានធនធាន សិទ្ធិអំណាចក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន
October 09, 2019    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ចាប់ពីឆ្នាំ២០២០ តទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានមុខងារ ធនធាន សិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្បាស់លាស់ក្នុងការផ្ដល់សេវាចាំបាច់ជាមូលដ្ឋាននានា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុង ដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋក្នុងការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាងនេះទៅទៀតក៏ត្រូវមានគណនេយ្យភាពជាមួយក្រសួង ស្ថាប័នក្នុងការធានាដល់ការគ្រប់គ្រងការចាត់ចែង ការប្រើប្រាស់ធនធាន និងការអនុវត្តមុខងារឲ្យសម្រេចស្របតាមស្តង់ដាសេវាដែលបានកំណត់ដោយក្រសួង ស្ថាប័ន។
       សម្តេចបន្តថា លេខាធិការដ្ឋាន គ.ជ.អ.ប ដោយមានកិច្ចសហការជាមួយលេខាធិការដ្ឋាននៃ កំណែទម្រង់ពីរផ្សេងទៀតរួមមាន កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បាននឹងកំពុងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាក្នុងការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តក្នុងការផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលគ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំ គ.ជ.អ.ប នាពេលឆាប់ៗនេះ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេចនៅចុងឆ្នាំ ២០១៩នេះ ហើយក៏ជាឆន្ទៈផ្នែកនយោបាយក្នុងការរៀបចំឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់អាចដំណើរការតាមមុខងារ និងរចនាសម្ព័ន្ធថ្មីរបស់ខ្លួនចាប់ពីដើមឆ្នាំ២០២០តទៅ។
      សម្តេចក្រឡាហោមបានបន្តថា ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមប្រធាន គ.ជ.អ.ប សម្តេចសូមអបអរសាទរចំពោះរដ្ឋបាលថ្នាក់ឃុំសង្កាត់ ដែលត្រូវបានរាជរដ្ឋាភិបាលផ្ដល់ការទុកចិត្ត និងមានភាពជឿជាក់លើការដឹកនាំរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងការចូលរួមផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រំមជាមួយគ្នានោះដែរសម្តេចក៏អំពាវនាវឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងចាត់ចែង និងប្រើប្រាស់ថវិកាឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។ សម្តេចបានស្នើឲ្យសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តោតការយកចិត្ត ទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងការដឹកនាំការគ្រប់គ្រង និងការតាមដានត្រួតពិនិត្យលើការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរឲ្យនេះប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងដោយមានការចូលរួមតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ