អគ្គនាយកដ្ឋានរដ្ឋបាល បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំពីនីតិវិធី នៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ
October 10, 2019    អ្នកទស្សនា :

      ​នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីនីតិវិធី នៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ គោលដៅថ្មី ៣២ គោលដៅឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានរដ្ឋបាល អភិបាល អភិបាលរង នាយករដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្រ្តីពាក់ព័ន្ឋជាច្រើនរូបផងដែរ។

​      ឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្នការិយាល័យប្រជាពលរដ្ឋ ត្រូវបានរាជរដ្ឋាភិបាល បង្កើតបន្ថែមបានចំនួន៣២គោលដៅនៅតាមក្រុង ស្រុក ខណ្ឌ សម្រាប់ឆ្នាំ២០១៩នេះ ហើយរាជរដ្ឋាភិបាលក៏មានគោលការណ៍នឹងបន្តពង្រីកការិយាល័យនេះឲ្យមានរហូតដល់រដ្ឋបាលឃុំ សង្កាត់ផងដែរ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

      ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ក៏មានការរៀបចំធ្វើបទបង្ហាញ និងឆ្លើយសំនួរដោយវាគ្មិន ចំនួន៣រូបគឺ ឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ លោក នូវ និត ប្រធានការិយាល័យតាមដានត្រួតពិនិត្យ និងវាយតម្លៃ និងលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន ស្តីពីពីនីតិវិធី នៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ និងពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ដើម្បីឲ្យដំណើរការជ្រើសរើស និងការអនុវត្តការងារតួនាទី ភារកិច្ច ក្នុងការិយាល័យប្រជាពលរដ្ឋនេះ ប្រព្រឹត្តទៅដោយត្រឹមត្រូវស្របតាមបែបបទគោលការណ៍ ដែលក្រសួងមហាផ្ទៃបានណែនាំ និងធានាបាននូវប្រសិទ្ឋភាពខ្ពស់ លើនីតិវិធីនៃការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ នៅតាមក្រុម ស្រុក ខណ្ឌ។

      ​សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយអព្យាក្រឹត្យភាព ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈភិបាលក្រុង ស្រុក ខណ្ឌទេ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌវិញ។ ការិយាល័យប្រជាពលរដ្ឋមានតួនាទីភារកិច្ចរួមមាន៖ ១.ទទួលបណ្តឹងនៅក្នុងដែនសមត្ថកិច្ច, ២.សម្រាំង វាយតម្លៃបណ្តឹងដែលទទួលបាន, ៣.បញ្ជូនបណ្តឹងមិនស្ថិតក្នុងសមត្ថកិច្ចទៅស្ថាប័នពាក់ព័ន្ធ, ៤.ចាត់វិធានការស៊ើបអង្កេត និងលើកអនុសាសន៍អំពីវិធានការដោះស្រាយ និងតាមដានការអនុវត្តវិធានការដោះស្រាយ, ៥.ផ្តល់ព័ត៌មានត្រឡប់អំពីលទ្ធផលនៃការដោះស្រាយបណ្តឹង, ៦.រៀបចំផែនការសកម្មភាព ថវិកា និងរបាយការណ៍៕ រតនា

 

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ