សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យ ឯកអគ្គរាជទូតជប៉ុន ទើបតែងតាំងថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
October 17, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអនុញ្ញាតឱ្យ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (H.E. Mr. MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ថ្មី ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
      ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានស្វាគមន៍ចំពោះ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ដែលតែងតាំងថ្មី ហើយសម្ដេចក៏សូមចូលរួមសម្តែងនូវសេចក្តីសោកស្តាយ និងមរណទុក្ខចំពោះប្រជាជនជប៉ុនដែលជួបនូវគ្រោះធម្មជាតិដែលកំពុងតែកើតឡើងនៅប្រទេសជប៉ុន ដែលធ្វើឱ្យប្រជាជនជាតិជប៉ុនជាច្រើនដែលបានរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិនេះ។  ទោះបីយ៉ាងណា សម្ដេចក្រឡាហោម សង្ឃឹមថាស្មារតីរបស់ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន នឹងបន្តរួបរួមគ្នាដើម្បីដោះស្រាយនូវបញ្ហាទាំងនេះដោយទទួលបានជោគជ័យ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុន ដែលមានកន្លងមក ហើយសម្ដេច ក៏សង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តរីកចម្រើនលូតលាស់ទៅមុខជាដរាប។
      ក្នុងនោះផងដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានបន្តជួយគាំទ្រដល់បុព្វហេតុនៃការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៃព្រះរាជាណាចក្រកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្តេចក្រឡាហោម មានប្រសាសន៍បន្តថា ក្នុងនាមសម្ដេច ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គឺបានត្រៀមខ្លួនជានិច្ចក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អជាមួយជប៉ុន និងត្រៀមខ្លួនដោះស្រាយនូវបញ្ហានានាដែលមានសំណើ ឬក៏តម្រូវការផ្សេងៗពីស្ថានទូតជប៉ុន នៅក្នុងអាណត្តិការងាររបស់ឯកឧត្តមឯកអគ្គរាជទូត។
     នាឱកាសនោះ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនថ្មី ក៏បានថ្លែងអំណរគុណចំពោះសម្ដេចក្រឡាហោម នៃការចូលរួមរំលែកមរណៈទុក្ខចំពោះគ្រោះមហន្តរាយ និងសោកនាដកម្មដែលបានកើតឡើងក្នុងប្រទេសជប៉ុន ហើយឯកឧត្តម ក៏សង្ឃឹមជឿជាក់ថា ជប៉ុនក៏មានបទពិសោធន៍ជាច្រើនក្នុងការដោះស្រាយគ្រោះមហន្តរាយធម្មជាតិនេះ។ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចក្រឡាហោមថា ក្នុងឱកាសនៃដំណើរមកដល់ប្រទេសកម្ពុជារបស់ឯកឧត្តម ពិតជាមានសេចក្តីរីករាយ ហើយក៏បានជួបជាមួយនឹងថ្នាក់ដឹកនាំប្រទេសកម្ពុជាជាច្រើនរូប ជាពិសេសបានជួបជាមួយនឹងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តម ឯកអគ្គរាជទូត ក៏បានថ្លែងថា ឯកឧត្តមពិតជាមានសេចក្តីរីករាយដែលព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី  នឹងយាងទៅចូលរួមក្នុងព្រះរាជពិធីគ្រងព្រះរាជសម្បត្តិជាផ្លូវការរបស់ព្រះចៅអធិរាជជប៉ុននៅសប្តាហ៍ក្រោយនេះ។ ក្នុងនោះដែរឯកឧត្តម បានថ្លែងអំណរគុណដល់ សម្ដេចក្រឡាហោម ស ខេង  នាយករដ្ឋមន្ត្រីស្តីទី ដែលបានយកចិត្តទុកដាក់ និងបំពេញភារកិច្ចក្នុងការថែរក្សាសន្តិភាព សន្តិសុខជូនដល់ស្ថានទូតជប៉ុន ក៏ដូចជាប្រជាពលរដ្ឋជប៉ុនដែលចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃក្នុងការបន្តយកចិត្តទុកដាក់ពង្រឹងនិងលើកស្ទួយនូវកិច្ចសន្ទនាជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលនានា តាមរយៈការរៀបចំវេទិកា ស្ដីពីភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៣ កាលពីខែសីហា ឆ្នាំ២០១៩កន្លងទៅ។ ឯកឧត្តមក៏បានសម្ដែងនូវការរីករាយ និងជំរុញលើកទឹកចិត្តឲ្យក្រសួងមហាផ្ទៃបន្តសហការជាមួយនឹងអង្គការចៃកា (Jica) ដើម្បីពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលមានសម្ដេចក្រឡាហោម ជាប្រធានដឹកនាំកំណែទម្រង់នេះផ្ទាល់។
      ជាការឆ្លើយតប សម្ដេចក្រឡាហោម ក៏បានថ្លែងនូវសេចក្តីរីករាយចំពោះបំណងដ៏ល្អរបស់ឯកឧត្តម ក្នុងការជំរុញឲ្យមានទំនាក់ទំនងកាន់តែច្រើនថែមទៀតជាមួយនឹងអង្គការចៃកា (Jica) លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ សម្ដេចក្រឡាហោមក៏ បានជូនពរឲ្យឯកឧត្តមទទួលបានជោគជ័យនៅក្នុងឱកាសស្នាក់នៅ និងបំពេញភារកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ