សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃឡាវ ចូលជួបសម្តែងការគួរសម
November 21, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម ថុងចាញ ម៉ានីសៃ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​នៃសាធារណរដ្ឋ  ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ។

      សម្ដេចក្រឡាហោម បានអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងមហាផ្ទៃឡាវ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងក្រសួងធម្មការ និងសាសនារបស់កម្ពុជា។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងមហាផ្ទៃឡាវនាឱកាសនេះ ក៏ជាការចូលរួមជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់ទំនាក់ទំនងរវាងក្រសួងនៃប្រទេសទាំងពីរ។ សម្ដេចក្រឡាហោម ក៏បានរំលឹកអំពីប្រវត្តិសាស្រ្តកន្លងមកដែលប្រទេសទាំងពីរធ្លាប់ឆ្លងកាត់រួមគ្នានោះ គឺការតស៊ូប្រឆាំងនឹងអាណានិគមក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនរហូតដល់សម្រេចបាននូវសមិទ្ធផលរៀងៗខ្លួនដូចអ្វីដែលទទួលបាននាបច្ចុប្បន្ននេះ។

      សម្ដេចក្រឡាហោមក៏បានលើកឡើងដែរថា ទោះបីកន្លងមកនេះប្រទេសទាំងពីរធ្លាប់ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន  ប៉ុន្តែថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្រកាន់យកនូវឆន្ទៈ និងបំណងដ៏ល្អក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ឈរលើគោលការណ៍នៃសន្តិភាព និងមិត្តភាព។ បន្ថែមពីនេះ សម្តេចក្រឡាហោម ក៏បានជម្រាបជូនអំពីភារកិច្ចធំៗពីររបស់ក្រសួងមហាផ្ទៃ គឺ១.ជួយគាំទ្រដល់ការងារគ្រប់គ្រងរដ្ឋបាលដែនដី (រដ្ឋបាលថ្នាក់ក្រោមជាតិ), ទី២. គឺទទួលខុសត្រូវលើការងារសន្តិសុខ ជាពិសេសគឺពាក់ព័ន្ធទៅនឹងការងាររបស់នគរបាល។ សម្ដេចក្រឡាហោមក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត ក្រសួងធម្មការ និងសាសនានេះឡើង គឺដោយហេតុថា កម្ពុជាបានឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ប៉ុលពត ដែលធ្វើឱ្យវិស័យសាសនារបស់កម្ពុជាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ដោយហេតុនេះហើយទើបរាជរដ្ឋាភិបាលចាំបាច់ត្រូវតែបង្កើតនូវស្ថាប័ននេះឡើងដើម្បីធ្វើយ៉ាងណាគាំទ្រ និងជំរុញឲ្យមានការស្ដារឡើងវិញនូវវិស័យសាសនា។

      ក្នុងនាមសម្ដេចផ្ទាល់ ក៏រីករាយចំពោះសន្ទុះយ៉ាងឆាប់រហ័សនៃការស្ដារឡើងវិញនូវវិស័យសាសនានៅកម្ពុជា ដែលរហូតមកដល់ពេលនេះ មានព្រះសង្ឃប្រមាណជាង ៧ម៉ឺនអង្គ និងមានវត្តអារាមប្រមាណជាង ៥ពាន់វត្តអារាមនៅទូទាំងប្រទេស ដែលនេះក៏ជាការចូលរួមចំណែកមួយយ៉ាងធំធេងពីសប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ដែលគាំទ្រនៅក្នុងវិស័យសាសនា ដែលជាសាសនារបស់រដ្ឋ។ ក្រៅពីសាសនាព្រះពុទ្ធ កម្ពុជាក៏មានសាសនាដទៃទៀតដូចជាសាសនាមូស្លីម សាសនាគ្រឹស្តផងដែរ ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបើកទូលាយដល់ការគោរពប្រតិបត្តិនូវជំនឿសាសនាផ្សេងៗរៀងៗខ្លួនរបស់ប្រជាពលរដ្ឋផងដែរ។ សម្ដេចក្រឡាហោមក៏បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃឡាវ ពិនិត្យលទ្ធភាពលើវិស័យណាមួយដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយក្រសួងមហាផ្ទៃកម្ពុជា។

      ជាការឆ្លើយតប ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ បានជម្រាបផងដែរថា ក្រសួងមហាផ្ទៃឡាវ ទើបបង្កើតឡើងក្នុងឆ្នាំ២០១១ ហើយមានភារកិច្ចលើការងារមួយចំនួនដូចជា កិច្ចការការងារគ្រប់គ្រងប្រជាពលរដ្ឋ និងគ្រប់គ្រងអង្គការមូលនិធិ ហើយក្នុងនោះក៏មានកិច្ចការសាសនាផងដែរ។ ឯកឧត្តមក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចក្រឡាហោម ដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរប្រកាន់យកគោលការណ៍សន្តិវិធី ក្នុងការដោះស្រាយបញ្ហាផ្សេងៗឈរលើគោលការណ៍សន្តិភាព និងមិត្តភាពដែលជាការបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងជំរុញដល់ទំនាក់ទំនង និងធ្វើឲ្យប្រជាពលរដ្ឋទាំងពីររស់នៅប្រកបដោយសុខសន្តិភាព។ ឯកឧត្តមបានបន្ថែមថា ប្រទេសឡាវគឺមានស្ថានភាពប្រហាក់ប្រហែលកម្ពុជាដែរលើការងារសាសនានេះ ដែលប្រជាពលរដ្ឋភាគច្រើនកាន់ព្រះពុទ្ធសាសនា ហើយរដ្ឋធម្មនុញ្ញរបស់ឡាវក៏បានចែងអំពីការផ្ដល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋក្នុងការគោរពសាសនាផ្សេងៗក្រៅពីសាសនាព្រះពុទ្ធ។

      ឯកឧត្តមបានសំដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធម្មការ និងសាសនារបស់កម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយដ៏ល្អក្នុងការធ្វើឱ្យសាសនាទាំងអស់បានរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមនៅក្នុងសង្គម និងរួមគ្នាកសាងសង្គមជាតិជាមួយគ្នា។ ឯកឧត្តមសូមឯកភាព និងពិនិត្យមើលវិស័យពាក់ព័ន្ធនានាដែលស្ថិតក្រោមក្រសួងមហាផ្ទៃឡាវ ក្រៅពីកិច្ចការសាសនានេះ ដែលអាចបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ហើយឯកឧត្តមក៏សូមជូនពរដល់ទំនាក់ទំនងកម្ពុជា-ឡាវឲ្យកាន់តែរីកចម្រើននៅស្ថិតស្ថេរជានិច្ច ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពរស់នៅដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ